(សៀមរាប)៖ មន្ត្រីបរិស្ថានអាស៊ាន លើកឡើងថា ការអប់រំបរិស្ថាន គឺជាកូនសោធ្វើឲ្យបុគ្គលមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីបរិស្ថាន ស្របពេលមានការទាមទារឲ្យមានការចូលរួម ដោះស្រាយបញ្ហា និងចាត់វិធានការកែលម្អបរិស្ថានជាបន្ទាន់។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការអប់រំបរិស្ថាន និងសាលាមេត្រីបរិស្ថានអាស៊ាន របស់ឧត្តមមន្ត្រីអាស៊ាន លើផ្នែកសាលាមេត្រីបរិស្ថាន ដែលធ្វើឡើងនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានគាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពអប់រំបរិស្ថានទាំងអស់ ដើម្បីធ្វើឲ្យតំបន់អាស៊ាន កាន់តែមានការសម្របសម្រួល និងគាំទ្រដល់បរិស្ថាន។

កិច្ចប្រជុំស្តីពីការអប់រំបរិស្ថាន និងសាលាមេត្រីបរិស្ថានអាស៊ាន របស់ឧត្តមមន្ត្រីអាស៊ានលើផ្នែកសាលាមេត្រីបរិស្ថាន មុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ មានការចូលរួមពីលោកស្រី Martinah Binti Haji Tamit ប្រធានក្រុមការងារអាស៊ានផ្នែកអប់រំបរិស្ថាន(AWGEE)។

លោក NIL Sangvat Reksa តំណាងកម្មវិធី «ពានរង្វាន់យុវជនអាស៊ានផ្នែកជើងឯកអេកូ (ASEAN Youth Eco-Champions Award) និងជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ ផ្នែកវិស្វកម្មទឹក និងបរិស្ថាន នៃប្រទេសសមាជិកអាស៊ាន លើកឡើងថា គំនិតសាលាអេកូដែលភាគច្រើននៃបណ្តាប្រទេសអាស៊ាន ចាប់ផ្តើមអនុវត្ត ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហា ដែលប៉ះពាល់ដល់បរិស្ថានដល់យុវជនជំនាន់ក្រោយ ដើម្បីទ្រទ្រង់ធនធានធម្មជាតិជីវៈចម្រុះ និងសហគមន៍ប្រកបដោយនិរន្តរភាព តាមរយៈការចែករំលែកចំណេះដឹងដល់ប្រជាជននៅក្នុងសហគមន៍ និងបន្តពីមួយជំនាន់ទៅមួយជំនាន់។

លោកកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ានផ្នែកអប់រំបរិស្ថាន (AWGEE) ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ព្រមទាំងការរៀបចំវិធី «ពានរង្វាន់យុវជនអេកូ-ជើងឯកអាស៊ាន និងសាលាមេត្រីបរិស្ថានអាស៊ាន» ដែលផ្តល់ឱកាសដល់យុវជនចូលរួមចែករំលែកគំនិតចំណេះដឹង និងការប្តេជ្ញាចិត្តដើម្បីស្វែងរកដំណោះស្រាយទាំងអស់គ្នាលើផ្នែកនិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបានបង្កើតឲ្យមានគោលការណ៍លើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន វិញ្ញាបនបត្រទទួលស្គាល់ ការប្រកួតប្រជែងពានរង្វាន់ និងមេដាយដល់រូបវន្តបុគ្គល និងនីតិបុគ្គល ក្រសួង ស្ថាប័ន អង្គភាព សហគ្រាស រោងចក្រ ដើម្បីបង្កើនសកម្មភាពចូលរួមថែរក្សាការពារបរិស្ថាន ក៏ដូចជាកែប្រែផ្នត់គំនិត និងឥរិយាបថអវិជ្ជមានចំពោះបរិស្ថានទៅជាការធ្វើសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីជំរុញឲ្យបុគ្គលម្នាក់ៗ បន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត លើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក និងថង់ប្លាស្ទិក ជាដើម៕