(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានរួមគ្នា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីការអនុវត្តអនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដល់សាធារណជន។ សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីលោក ត្រាំ អ៉ីតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសនីយ៍ និងទូរគមនាគម។

អនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បង្កើតឡើងក្រោមគោលបំណង ធានាប្រសិទ្ធិភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធ។

អនុក្រឹត្យនេះមានគោលដៅកំណត់អំពីយន្ដការ វិធាន និងនីតិវិធីនៃការប្រមូល ការបង់ ការកៀងគរ ការកត់ត្រា ការតាមដាន និងការត្រួតពិនិត្យវាយតម្លៃ លើចំណូលមិនមែនសារពើពន្ធ ព្រមទាំងការចាត់វិធានអនុវត្តកិច្ចសន្យា និងការតឹងទារបំណុលមិនមែនសារពើពន្ធ។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ សំដៅគៀរគរប្រមូលចំណូល ឱ្យអស់លទ្ធភាពបង់ចូលថវិកាជាតិ កាត់បន្ថយបំណុលដែលមានកន្លងមក ទប់ស្កាត់បំណុលដែលនឹងកើតមានថ្មី ពិសេសចូលរួមអនុវត្តឲ្យបានសម្រេច នូវគោលដៅចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជំរុញប្រតិបត្តិករទាំងអស់ភ្ញាក់រលឹក ចូលរួមអនុវត្តកាតព្វកិច្ចបង់ចំណូល ឲ្យបានត្រឹមត្រូវទាន់ពេលវេលា ព្រមទាំងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារ នៃមន្ត្រីជំនាញដែលមានភារកិច្ចប្រមូលចំណូល។

រដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានលើកឡើងពីភាពជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានដាក់ចេញនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៩-២០២៣ ដែលកាន់តែមុតស្រួច ស៊ីជម្រៅ សំដៅលើកកម្ពស់សមត្ថភាពរដ្ឋបាល ប្រមូលចំណូល បន្តពង្រឹងអភិបាលកិច្ច លើកកម្ពស់គុណភាព បង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពសេវា ធានាឲ្យបាននូវបរិយាកាសធុរកិច្ច ពង្រឹងការប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយប្រកាន់ខ្ជាប់នូវអភិក្រម៤គឺ

(១).ធានាចីរភាពកំណើនសេដ្ឋកិច្ច
(២).រក្សាចីរភាពចំណូលដែលអាចឈានទៅដល់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០
(៣).ធានាបាននូវយុត្តិធម៌ក្នុងការអនុវត្តគោលនយោបាយសារពើពន្ធ និងមិនមែនសារពើពន្ធ
(៤).ធានាបាននូវសមធម៌សង្គម ដើម្បីចូលរួមចំណែកបន្ធូរបន្ថយបន្ទុកពន្ធលើប្រជាពលរដ្ឋដែលមានចំណូលទាប បង្កើនសុខភាពប្រជាពលរដ្ឋ និងរក្សាការពារបរិស្ថាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងផ្តល់ជាពុទ្ធិដល់មន្ត្រីពាក់ព័ន្ធ និងប្រតិបត្តិករទាំងអស់យល់កាន់តែច្បាស់ថែមទៀតអំពីកាតព្វកិច្ចដែលត្រូវអនុវត្តការបង់ និងប្រមូលចំណូល ព្រមទាំងវិធានការទាំងឡាយ ដើម្បីចូលរួមចំណែកកសាងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋ។

លោកបានបន្ដថា «ខ្ញុំសង្ឃឹមនឹងជឿជាក់ថា សិក្ខាសាលាផ្សព្វផ្សាយការអនុវត្តន៍អនុក្រឹត្យស្ដីពី ការគ្រប់គ្រង់ចំណូលមិនមែនសារពើពន្ធ នឹងផ្ដល់ពុទ្ធិដល់មន្រ្ដីពាក់ព័ន្ធ និងប្រតិបត្តិករទាំងអស់ យល់កាន់តែច្បាស់ថែមទៀតអំពីកតព្វកិច្ច ដែលត្រូវអនុវត្តន៍ការបង់ និងប្រមូលចំណូល ព្រមទាំងវិធានការទាំងឡាយ ដើម្បីចូលរួមចំណែកកសាងភាពជាដៃគូររវាងវិស័យឯកជន និងរដ្ឋ»។

លោក ម៉ៅ បុញ្ញាខេត្ត ប្រធាននាយកដ្ឋានចំណូលសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ក្រោមប្រធានបទស្ដីពី ការគ្រប់គ្រងចំណូល និងបំណុលមិនមែនសារពើពន្ធដល់សាធារណជនផងដែរ។

សូមបញ្ជាក់ថា យោងតាមអនុវត្តអនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានឲ្យដឹងថា ចំណូលមិនមែនសារពើពន្ធ គឺសំដៅដល់ចំណូលបានពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានពីសម្បទាន កម្រៃបានមកពីសេវាសាធារណៈ ផលពីការពិន័យ និងការដាក់ទណ្ឌកម្ម ការឧបត្តម្ភអំណោយផលហិរញ្ញវត្ថុ ផលផ្សេង និងផលពិសេស និងចំណូលផ្សេងទៀតដែលត្រូវបានកំណត់ថា ជាចំណូលមិនមែនសារពើពន្ធដទៃទៀត។

ចំណែកឯបំណុលមិនមែនសារពើពន្ធ សំដៅដល់ចំនួនទឹកប្រាក់នៃចំណូល មិនមែនសារពើពន្ធទាំងឡាយណា ដែលមិនទាន់ប្រមូលបាន ពីព្រោះអ្នកជាប់កាតព្វកិច្ចបង់ចំណូល ខកខានមិនបាបំពេញកាតព្វកិច្ចបង់ចំណូល ក្នុងរយៈពេលនិងលក្ខខណ្ឌដែលបានកំណត់៕