(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន នៅក្នុងតំបន់មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ គឺជាបញ្ហារួមគ្នា ដែលត្រូវរួមគ្នាធ្វើការដោយះស្រាយ ឱ្យទាន់ពេលវេលា។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ នៅលើទឹកដីខេត្តសៀមរាបអង្គរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា ចំណុចរសើបមួយទៀតនោះ គឺពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សែងអ័ព្ធឆ្លងដែន ដែលវាបានក្លាយទៅជាប្រធានបទមួយនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំត្រៀម សម្រាប់ថ្ងៃទី១ នៃកិច្ចប្រជុំ ហើយបញ្ហានេះនឹងលើកដាក់ចូលក្នុងកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថាន ដើម្បីពិនិត្យថា រកយុទ្ធការនានា ដើម្បីធ្វើការគ្រប់គ្រងឱ្យបានល្អ ទៅលើការបំពុលផ្សែងអ័ព្ធឆ្លងដែននេះ ពីព្រោះថានៅក្នុងឆ្នាំ២០១៩នេះ ឃើញមានបញ្ហាពីរ ដែលកើតឡើងពាក់ព័ន្ធនឹងផ្សែងអ័ព្ធឆ្លងដែន គឺប្រទេសថៃ ដែលភាគល្អិត PM2.5 គឺជាកម្រិតភាគល្អិតតូចៗ នៅក្នុងបរិយាកាស ហើយវាកើនឡើងខ្លាំង ដោយសារតែការបំពុលផ្សេងៗ អញ្ចឹងវាធ្វើឱ្យប៉ះពាល់សុខភាព។

រដ្ឋលេខាធិការរូបនេះ បានបន្តថាចំណុចមួយទៀត គឺបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលផ្នែកមួយធ្វើឱ្យប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន បានលើកឡើងពីផលប៉ះពាល់ ដល់បរិយាកាស នៅក្នុងប្រទេសជិតខាងផងដែរ ដូច្នេះ ប្រទេសជាសមាជិកអាស៊ាន នឹងលើកឡើងពីបញ្ហាប៉ះពាល់ទាំងអស់នេះ ដើម្បីស្វែងរកយុទ្ធការរួមមួយ ដើម្បីដោះស្រាយ គ្រប់គ្រង ទៅលើការបំពុលផ្សែងអ័ព្ធនេះផងដែរ។

លោកបានបន្ថែមទៀតថា ការលើកឡើងពីសេចក្តីព្រាងយុទ្ធសាស្ត្របរិស្ថានអាស៊ាន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកក្របខណ្ឌ នៃការអនុវត្តន៍ បរិស្ថាននៅក្នុងតំបន់អាស៊ានតែម្តង។ ទោះបីប្រទេសនីមួយៗ មានគោលនយោបាយ យុទ្ធសាស្ត្ររៀងៗខ្លួន ប៉ុន្តែអាស៊ាន ដែលជាប្រជាជាតិមួយមានប្រជាជនច្រើនរយលាននាក់ ក៏ត្រូវការយុទ្ធសាស្ត្ររួមមួយ នៅក្នុងការគ្រប់គ្រងបរិស្ថានរួមរបស់ខ្លួនផងដែរ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយឡែកសម្រាប់បញ្ហាភ្លើងឆេះព្រៃ ឬបញ្ហាផ្សែងអ័ព្ធឆ្លងថ្មីៗនេះ មិនមែនមានកើតមានតែនៅប្រទេសឥណ្ឌូនេស៊ីតែមួយនោះទេ ក៏ប៉ុន្តែប្រទេសមួយចំនួននៅក្នុងតំបន់ បានជួបប្រទះដូចគ្នាផងដែរ។ លោកបានបញ្ជាក់បន្ថែមទៀតថា កត្តាដែលនាំឱ្យមានភ្លើងឆេះព្រៃ មានពីរប្រភេទ គឺឆេះដោយកត្តាធម្មជាតិ និងឆេះដោយសារកត្តាមនុស្ស ហើយប្រទេសកម្ពុជា ក៏ធ្លាប់ជួប្រទះដែលកាលពីរដូវប្រាំង វាក៏ផលលំបាកមួយ ដល់អាជ្ញាធរ ក្នុងការគ្រប់គ្រង និងដោះស្រាយនូវចំណុចនេះ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់ ២ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបរិស្ថាន នៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសប្រ៊ុយណេ ដែលជាប្រទេសម្ចាស់ផ្ទះ៕