(កំពត)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចូលឆ្មក់បង្ក្រាបបានជនជាតិចិន បើកល្បែងអនឡាញ១៧នាក់ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ទីតាំងដែលកម្លាំងនគរបាលចុះបង្ក្រាបនេះ មានម្ចាស់ឈ្មោះ ឡេ ប៉ុនផន ភេទប្រុស អាយុ៣៨ឆ្នាំ ហើយជនសង្ស័យទាំងអស់បានជួលក្នុងរយៈពេល៦ ទៅ៧ខែកន្លងមកហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រៅពីការឃាត់ខ្លូនជនជាតិចិន១៧នាក់ហើយនោះ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃ១៤៤គ្រឿង និង Laptop ១គ្រឿង។

ក្រោយឃាត់ខ្លូន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕