(ភ្នំពេញ)៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ជាថ្ងៃដ៏រីករាយបំផុតសម្រាប់សិស្សនិទ្ទេស A និងអាណាព្យាបាលរបស់ពួកគេ ព្រោះជាថ្ងៃដ៏មានកិត្តិយសដោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចូលជួបសំណេះសំណាលដោយផ្ទាល់។ តែក្នុងចំណោមសិស្សនិទ្ទេស A ចំនួន ៤៤៣នាក់នោះ មានសិស្សនិទ្ទេស A មួយរូប គឺកញ្ញា តែ សុខលី បានជួបទុក្ខដ៏សែនក្រៀមក្រំព្រោះឪពុកជាទីស្រឡាញ់ បានទទួលមរណភាព ហើយត្រូវបូជានៅថ្ងៃនេះតែម្តង។

កញ្ញា តែ សុខលី បានទៅចូលរួមក្នុងពិធីជួបសំណេះសំណាលទាំងក្តីក្តុកក្តួលរំជួលចិត្តដ្បិតឪពុកត្រូវឃ្លាតឆ្ងាយ។ បើទោះបីជាអារម្មណ៍ត្រូវក្តុកក្តួលយ៉ាងណាក្តី ពេលចូលរួមក្នុងពិធីនាព្រឹកមិញនេះ កញ្ញា សុខលី បានព្យាយាមស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីសម្រេចបំណងប្រាថ្នាដ៏ធំមួយរបស់ឪពុកខ្លួនដែលមុនទទួលមរណភាព។

លោក តែ ឆផេង អាយុ ៤៩ឆ្នាំ ឪពុករបស់កញ្ញា តែ សុខលី មុនពេលទទួលមរណភាពមានបំណងប្រាថ្នាធំមួយ គឺចង់ឱ្យកូនស្រីបានថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន។ តាមការពិតទៅការថតរូបជាមួយសម្តេចតេជោ សម្រាប់សិស្សនិទ្ទេស A គឺមិនមានបញ្ហានោះទេ។ ៥ឆ្នាំកន្លងទៅសម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់ការអនុញ្ញាតឱ្យសិស្សនិទ្ទេស A បានថតរូបទុកជាអនុស្សាវរីយ៍។

តែសម្រាប់ឆ្នាំនេះ ដោយសារសិស្សមានចំនួនច្រើនរហូត ៤៤៣នាក់ ដូច្នេះបើសម្តេចអនុញ្ញាតឱ្យសិស្សទាំងអស់បានថតរូបជាមួយ អាចនាំឱ្យខកខានពេលវេលាសម្រាប់អាហារថ្ងៃត្រង់របស់សិស្ស។ ដូច្នេះទើបក្រុមពិធីការ បានសម្រេចរៀបចំ ដោយជ្រើសសិស្សតំណាងក្នុងមួយរាជធានី-ខេត្ត ត្រឹមប្រមាណ ៧នាក់ប៉ុណ្ណោះ។

ការសម្រេចរៀបចំបែបនេះ ធ្វើឱ្យកញ្ញា តែ សុខលី មិនមានឈ្មោះនៅក្នុងបញ្ជីដែលត្រូវឡើងទៅទទួលរង្វាន់ផ្ទាល់ដៃ និងថតរូបជាមួយសម្តេចនោះឡើយ។ ក្រោយពេលទទួលបានព័ត៌មានបែបនេះ ធ្វើឱ្យកញ្ញា តែ សុខលី ខូចចិត្តម្តងទៀត ដ្បិតមិនអាចសម្រេចបំណងប្រាថ្នាឪពុករបស់ខ្លួនមុនពេលទទួលមរណភាព។

កញ្ញា សុខលី បានប្រឹងប្រែងស្វះស្វែងការជួយសម្របសម្រួលពីក្រុមការងារពិធីការសម្តេចតេជោ ហ៊ុន សែន ដើម្បីកញ្ញា បានឡើងថតរូបជាមួយសម្តេចតេជោ សម្រេចបំណងរបស់ឪពុក។ ដោយក្តីអាណិតអាសូរដល់សព និងក៏ដូចជាកញ្ញា សុខលី ក្រុមការងារពិធីការបានផ្តល់ព័ត៌មាននេះជូនសម្តេចតេជោ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ សម្តេចតេជោ ក៏អល់ឯកយូរនោះដែរ ហើយបានឆ្លើយតបភ្លាមៗដោយអនុញ្ញាតឱ្យកញ្ញា សុខលី បានថតរូបសម្រេចបំណងឪពុករបស់ខ្លួន។

បន្ទាប់ពីចូលមកដល់ទីតាំងប្រារព្ធពិធី និងថ្លែងសំណេះសំណាលបន្តិច សម្តេចតេជោ ហ៊ុន សែន ក៏បានសួររកកញ្ញា តែ សុខលី ហើយក៏បានហៅកញ្ញាឱ្យឡើងលើវេទិកា ដើម្បីសម្តេចផ្តល់រង្វាន់ និងអនុញ្ញាតឱ្យថតជាមួយ។ សម្តេចតេជោ ក៏បានចូលបុណ្យថវិកាប្រមាណ ៥លានរៀលបន្ថែមទៀតផង។ បន្ទាប់មកសម្តេចតេជោ ក៏បានចាត់ចែងឱ្យអង្គរក្សរបស់សម្តេចពីររូបជូនកញ្ញា តែ សុខលី ត្រឡប់ទៅផ្ទុះមុនគេ ដើម្បីបានចូលរួមក្នុងពិធីបូជាសពឪពុក។

ការទទួលបាននូវក្តីមេត្តា សណ្តោសប្រណី ដ៏ឧត្តុង្គឧត្តមពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកញ្ញា តែ សុខលី ក្តុកក្តួលរំជួលចិត្តរហូតស្រក់ទឹកភ្នែកនៅលើវេទិកាទាំងមិនដឹងខ្លួន។

តែ សុខលី ក៏បានបង្ហើសំណេរដ៏សែនរំជួលចិត្តមួយទៀតនៅលើបណ្តាញសង្គម Facebook អរគុណសម្តេចតេជោ ហ៊ុន សែន និងរៀបរាប់ពាក្យពេចន៍ទៅកាន់វិញ្ញាណក្ខន្ធឪពុករបស់កញ្ញា។

កញ្ញា សុខលី សិស្សនិទ្ទេស A បានរៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះ «ថ្ងៃនេះ កូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ។ នាងខ្ញុំសូមថ្លែងអំណរគុណសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងជ្រាលជ្រៅ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកឪពុកនាងខ្ញុំឈ្មោះ តែ ឆផេង អាយុ ៤៩ឆ្នាំដោយរោគាពាធ ដោយសម្តេចបានជូនជាថវិការចំនួន ៥,០០០,០០០រៀល និងជួយបំពេញបំណងចុងក្រោយដែលអនុញ្ញាតឱ្យរូបនាងខ្ញុំផ្ទាល់បានថតជាមួយសម្តេច ហើយសម្ដេចថែមទាំងចាត់ឱ្យអង្គរក្សជូននាងខ្ញុំចេញមកផ្ទះមុនដោយសុវត្ថិភាពទៀតផងនេះពិតដែលជាកិត្តិយសដ៏ក្រៃលែង»។

កញ្ញា បន្តថា «សូមឱ្យប៉ា បានទៅកាន់សុគតិភព រួចចាកផុតទុក្ខទាំងឡាយឱ្យប៉ាបានទៅដោយស្ងប់ចិត្ត ព្រោះប៉ាបានខិតខំចិញ្ចឹមបីបាច់ថែរក្សាកូន ផ្គត់ផ្គង់ការហូបចុកស្នាក់នៅ ការសិក្សារៀនសូត្រ ប្រកបដោយព្រហ្មវិហារធម៌ ព្រមជាមួយការអប់រំទូន្មានរបស់ប៉ាដែលជំរុញឱ្យរូបកូនមានថ្ងៃនេះ។ ប៉ាបានបំពេញតួនាទីជាឪពុកដ៏ល្អមួយរូប តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ»