(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចាត់ទុកអំពើដ៏គឃ្លើនប្រមាថព្រះមហាក្សត្រនៃកម្ពុជា របស់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី មិនត្រឹមតែធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺចង់រំលាយរបបរាជានិយមថែមទៀតផង។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការប្រមាថព្រះមហាក្សត្រ មិនមែនជារឿងសាមញ្ញធម្មតាពេកទេ! ប្រើពាក្យប្រមាថព្រះមហាក្សត្រ សុទ្ធតែវា ប្រើពាក្យវា ឲ្យព្រះមហាក្សត្រទៅធ្វើជាស្តេចល្ខោនទៅ ឲ្យព្រះមហាក្សត្រដាក់រាជទៅ វា [សម រង្ស៊ី] ព្រហើនហួស អីចឹងគោលដៅរបស់វា មិនត្រឹមតែដក ហ៊ុន សែន ចេញពីតំណែងទេ គឺដកមហាក្សត្រចេញ [...] គោលដៅជាក់លាក់របស់គេមិនសំដៅត្រឹមតែ ហ៊ុន សែន ទេ សំដៅដូររបបរនេះចោលតែម្តង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញា ប្រទេសនេះគ្មានស្តេចតទៅទៀតទេ អីចឹងទង្វើរដ្ឋប្រហារមិនអាចអត់ឱនឲ្យបានឡើយ»

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការប្រមាថព្រះមហាក្សត្រ គឺជាទោសធ្ងន់ធ្ងរបំផុត ហើយការប្រមាថរបស់ក្រុមឧទ្ទាម សម រង្ស៊ី ជារឿងមិនអាចអត់ឱនឱ្យបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់អ្នកដែលចូលរួមជាមួយក្រុមឧទ្ទាម សម រង្ស៊ី សូមកុំចាត់ទុកការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាលថា ជាការបំពានសិទ្ធិរបស់ពួកគេឲ្យសោះ ព្រោះបានឆ្លងក្រហមដល់បន្ទាត់ហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកទាំងឡាយដែលចូលពាក់ព័ន្ធ [ចូលរួមជាមួយជនក្បត់ជាតិ សម រង្ស៊ី] សូមកុំចាត់ទុកថារដ្ឋាភិបាល បំពានសិទ្ធិរបស់អ្នក បន្ទាត់ក្រហមត្រូវបានឆ្លងហើយ ឃើញមួយគឺត្រូវចាប់មួយ ហើយកាត់ទោសអត់មានទាមទារទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវកម្ចាត់ក្រុមឧទ្ទាម សម រង្ស៊ី ព្រោះជាភារកិច្ចកងទ័ព៕