(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ ណែនាំរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការពង្រឹងវិន័យ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋានទាំងអស់ផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

គួរជម្រាបថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានដកឹនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ប្រធាន និងអនុប្រធាននាយកដ្ឋាន អង្គភាព និងនាយការិយាល័យចំណុះសេនាធិការ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា កិច្ចប្រជុំគោលបំណងសំខាន់ ផ្តោតលើផ្សព្វផ្សាយសភាពការណ៍ថ្មី ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមក្នុងប្រទេសកម្ពុជា សំខាន់គឺការពង្រឹងសមត្ថភាព គុណភាពរបស់កងកម្លាំងនគរបាលទាំងអស់ ឲ្យយកចិត្តទុកដាក់ ក្នុងការធានាសន្តិសុខរបស់សង្គម ជាពិសេស ការពារសន្តិភាព និងស្ថេរភាពនយោបាយ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែក្រាលគ្របដោយសន្តិភាព មានសេរីភាព សន្តិសុខ និងសណ្តាប់ធ្នាប់។

លោកបានបន្តថា ក៏ប៉ុន្តែសភាពការណ៍ថ្មីៗនេះ មានចលនាឧទ្ទាម មានចេតនារៀបផែនការប៉ុនប៉ងបង្ក អសន្តិសុខផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានអះអាងថា ជាទិសដៅនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ការពង្រឹងសន្តិសុខជារួម ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្ត ឬពួកឧទ្ទាមណាមកបំផ្លិចបំផ្លាញសុវត្ថិភាព សន្តិសុខ និងសន្តិភាពផលប្រយោជន៍របស់ជាតិ ដែលកំពុងមានសព្វថ្ងៃនេះឡើយ៕