(ភ្នំពេញ)៖ ស្របពេលដែលថ្ងៃកំណត់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ។

ការប្រកាសជាថ្មីម្ដងទៀត របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្ដេចអញ្ជើញ ជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស៤៤៣នាក់។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលមានការចូលរួមពី អាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទឹកថ្ងៃនេះនៅមុខព្រះបរមរាជវាំង នៅសល់តែ៦.៥៧ម៉ែត្រ អញ្ចឹងឆ្នាំនេះលទ្ធភាព នៅពេលដល់ពេលបុណ្យអុំទូក អាចទឹកនៅក្រោម៥ម៉ែត្រក៏មិនដឹង សភាពការណ៍កំពុងតែបារម្ភ។ ប៉ុន្ដែខ្ញុំបានបញ្ជាក់ហើយ បើទោះបីទឹកនៅត្រឹម១ម៉ែត្រ ក៏ត្រូវតែអុំទូកដែរ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានកត់សម្គាល់ថា ក្រុមឧទ្ទាមក្រៅច្បាប់ កំពុងតែយកថ្ងៃបុណ្យជាតិ មកធ្វើជាការលេងសើច ដូចជាផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកានេះជាដើម។ សម្ដេចចាត់ទុកថា សកម្មភាពនេះ ជារឿងដែលចង្រៃជាទីបំផុត។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកនេះ ដោយសារមូលហេតុធំៗមួយចំនួន ដូចជាទឹកជំនន់ ការសោយទិវង្គត់របស់អតីតព្រះមហាក្សត្រ និងភាពវឹកវរក្រោយការបោះឆ្នោតជាដើម។ ទោះជាយ៉ាងនេះក្តី ព្រះរាជពិធីបុណ្យ ដែលជាបុណ្យប្រពៃណីជាតិ ក៏ត្រូវបានរៀបចំឡើងវិញជាធម្មតាឡើងវិញ ជាបន្តបន្ទាប់ផងដែរ៕