(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរួមគ្នាបើកសិក្ខាសាលា និងបណ្តុះបណ្តាលស្តីពី «ការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី និងសូចនាករសមិទ្ធិកម្ម ថវិកាកម្មវិធីសម្រាប់ថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត» ដើម្បីពង្រឹងសមត្ថភាពមន្រ្តីលើការអនុវត្តថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់ រាជធានី-ខេត្ត និងដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធិភាពនៃការរៀបចំផែនការហិរញ្ញវត្ថុ ការកំណត់សូចនាករគោលដៅគន្លឹះ, ការកំណត់ឈ្មោះកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព ដែលឆ្លើយតបតាមក្របខ័ណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងអាចវាស់វែងបាន ជាពិសេសបានស្វែងយល់ពីដំណើរការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ នេះជាការលើកឡើងរបស់លោក នូ នីម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក នូ នីម បានបន្ថែមថា ទាំងថ្នាក់ដឹកនាំអង្គភាពអនុវត្ត និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ លើការរៀបចំ ផែនការយុទ្ធសាស្ត្ររបស់ខ្លួនដែលស្របទៅនឹង គោលបំណងគោលនយោបាយរបស់ក្រសួង។ ការរៀបចំផែនការហិរញ្ញវត្ថុ(BP) ការកំណត់សូចនាករគន្លឹះ និងការរៀបចំរបាយការណ៍សមិទ្ធកម្ម សុទ្ធតែជាការងារដែលប្រកបដោយបច្ចេកទេសខ្ពស់ ដែលទាមទារចាំបាច់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៃអង្គភាពអនុវត្តថវិកាទាំងអស់ត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅ។

ពិធីបើកសិក្ខាសាលានិង បណ្តុះបណ្តាលស្តីពី «ការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី និងសូចនាករសមិទ្ធិកម្ម ថវិកាកម្មវិធីសម្រាប់ថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត» សហការរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី លោក ប៊ុត ផែ ប្រធានមន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ អមក្រសួងសង្គមកិច្ច, លោក ប៉ុម លៃហេង មន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, លោក ត្រាក់ សុគន្ធតារា តំណាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាគ្រូបង្គោល, លោក គឹម ហុង អនុរដ្ឋលេខាធិការ, លោក សៅ ឡែន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ, លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ថែមពីលើនេះ លោក នូ នីម ចាត់ទុកថា ជាបរិបទមួយដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ប្រសិទ្ធិភាពនៃការរៀបចំផែនការហិរញ្ញវត្ថុ ការកំណត់សូចនាករគោលដៅគន្លឹះ,ការកំណត់ឈ្មោះកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព ដែលឆ្លើយតបតាមក្របខ័ណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងអាចវាស់វែងបាន ជាពិសេសបានស្វែងយល់ពីដំណើរការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

លោក ប៉ុម លៃហេង មន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានលើកឡើងថា យើងមិនអាចអនុវត្តការងារបានល្អ ដោយមិនមានការបំប៉នចំណេះដឹងបន្ថែមឡើយ។

លោក ប៉ុម លៃហេង បន្តថា សិក្ខាសាលានិងបណ្តុះបណ្តាលថ្ងៃនេះ ជាធាតុចូលដ៏មានសារណៈសំខាន់ សម្រាប់ អង្គភាព អនុវត្តថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់ រាជធានី-ខេត្ត នៃក្រសួងសង្គមកិច្ច ដោយកន្លងទៅការខ្វះចន្លោះលើការរៀបចំ ដោយរាប់ចាប់តាំងពី ផែនការយុទ្ធស្ត្រថវិកា(BSP)ពុំបានគ្រប់ជ្រុងជ្រោយ ការកំណត់មាតិកាចំណាយមិនសមស្រប តាមចារិកនៃការចំណាយ ការកំណត់នូវសូចនាករគន្លឹះមិនច្បាស់លាស់ ដែលជាហេតុនាំឲ្យការរៀបចំរបាយការណ៍ សមិទ្ធកម្មមិនបានល្អ ពិបាកវាស់វែង។

ក្នុងនាមតំណាងរដ្ឋមន្រ្តី វង សូត, លោក នូ នីម បានលើកឡើងថា ក្នុងន័យនេះ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការរៀបចំ ផែនការថវិកា ការរៀបចំសូចនាករគន្លឹះ និងរបាយការណ៍សមិទ្ធកម្ម ដោយខិតខំយកទុកដាក់ត្រងត្រាប់និងព្យាយាមរិះរកសំនួរ ទាំងឡាយពុំទាន់យល់ច្បាស់ដើម្បីទទួលការពន្យល់ពីសាស្ត្រាឧទេសន៍។

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច និងក្រសួងសេដ្ឋកិច្ច ធ្លាប់បានឆ្លងកាត់ដំណាក់កាលកែទម្រង់ហិរញ្ញវត្ថុសាធារណៈចំនួន៣មក ហើយដែលរួមមានដំណាក់កាលទី១ «ភាពជឿទុកចិតបាននៃថវិកា ឆ្នាំ២០០៥-២០០៨» ដំណាក់កាលទី២ «គណនេយ្យភាពហិរញ្ញវត្ថុ ចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មីនិងអង្គភាពថវិកា និងប្រព័ន្ធមានវិទ្យា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០០៩ -២០១៥» ដំណាក់កាលទី៣ «ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ៖ការកែទម្រង់ប្រព័ន្ធថវិកា ផែនការយុទ្ធសាស្ត្រ ថវិកាកម្មវិធីនិងអង្គភាពថវិកា ឆ្នាំ២០១៦-២០២០» និងដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម៖ការគ្រប់គ្រងនិងវាយតម្លៃលទ្ធផលនិងសមិទ្ធផល ឆ្នាំ២០២០-២០២៥»៕