(ស្វាយរៀង)៖ ដើម្បីធានាឲ្យបានសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារ បន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរកឃើញចាហ៊ួយដំណាប់ដូង «ថាញ់ប៊ីញ» ដែលនាំចូលពីវៀតណាម ជាប្រភេទទំនិញហាមឃាត់ គ្មានមន្ត្រីជំនាញនៅតាម ព្រំដែនត្រួតពិនិត្យ និងពិនិត្យឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខបន្ថែមទៀត ដែលដាក់តាំងលក់នៅក្នុងផ្សារមួយនេះ។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះ កាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

លោក ផឹង និល បានបញ្ជាក់ថា ក្រោយធ្វើកាពិនិត្យមុខទំនិញចំនួនជាច្រើនមុខ ក្នុងផ្សារដូនសនេះ បានរកឃើញទំនិញខូចគុណភាព និងហួសកាបរិច្ឆេទ ក្នុងនោះ បានដកហូតដំណាប់ចាហ៊ួយ ដូចម៉ាកថាញ់ប៊ីចំនួន២៩កេស ដែលជាទំនិញហាមឃាត់ និងតែប៉ៃតង២៤ដប, ទឹកក្រូច cocacola១៣ដប, នំធុង១ធុង, ទឹកស៊ីអ៊ីវ១៧ដប, ទឹកត្រីមច្ឆាមាស១៧ដប, នំចំរុះកញ្ចប់៣១.៥គីឡូក្រាម ដកហូតយកទៅដុតកម្ទេចចោល ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញ ដែលខូចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ ដល់សុខភាពរបស់ពលរដ្ឋ។

លោកបានបញ្ជាក់ថា ចាហ៊ួយដំណាប់ដូងដែលមានស្លាកសញ្ញាថាញ់ប៊ីញនេះ ជាទំនិញហាមឃាត់ ព្រោះវាបានបំផ្លាញសុខមាលភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្មេងៗសិស្សលាសា ខណៈដែលបានបរិភោគ បង្កផលប៉ះពាល់ដល់ក្រពះ រលាកពោះវៀន និងរាករុសជាដើម ព្រោះវាមានជាតិរឹងដូចកៅស៊ូពិបាក ក្រពះកិនរំលាយអាហារ និងឈានទៅរកមហារីកក្រពះ។

លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណី អាហារក្មេងៗនិយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាម ផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕