(ភ្នំពេញ)៖ «តោះ! យើងនាំគ្នាសម្អាតផ្ទះយើង ជួយថែរក្សាភពផែនដី ដោយនិយាយថាទេចំពោះផលិតផលប្លាស្ទិកប្រើប្រាស់បានតែមួយដង ឬអនុវត្តគោលការណ៍ 3R គឺកាត់បន្ថយកាប្រើប្រាស់ប្លាស្ទិក ការប្រើប្រាស់ឡើងវិញ និងការកែច្នៃប្លាស្ទិកដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិក»។

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកម្មវិធីបញ្ចប់យុទ្ធនាការសប្តាហ៍បៃតង របស់សហភាពអឺរ៉ុប ជាមួយនឹងការរៀបចំសកម្មភាព បោសសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈនៅ ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យុទ្ធនាការសម្អាតទីសាធារណៈនេះ គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំឡើង ដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមការងារអេកូយុវទូត ដើម្បីអបអរសាទរសបា្តហ៍បៃតង របស់សហភាពអឺរ៉ុបក្នុងគោលបំណងជំរុញ ពន្លឿនការអនុវត្តវិធានការទូទាំងពិភពលោក ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។ កម្មវិធីសម្អាតទីសា ធារណៈនេះមានការចូលរួមពីសាធារណជនជាតិ និងអន្តរជាតិ ប្រមាណ៥០០នាក់ ក្នុងនោះក៏មានឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន។

លោក ហ្វ្រង់ វីអូល (Frank Viault) ភារៈធារីស្តីទីនៃសហភាពអឺរ៉ុនប្រចាំកម្ពុជាបានថ្លែងថា ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាដ៏ចម្បងមួយក្នុងចំណោមបញ្ហា បរិស្ថានធំៗជាច្រើនទៀត ដែលកើតឡើងជាទូទៅជាងគេ។ ក្នុងចំណោមប្លាស្ទិកទាំងអស់ដែលបានប្រើប្រាស់ មានពាក់កណ្តាលដែលជាប្លាស្ទិកប្រើប្រាស់តែម្តងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះរហូតដល់ ៩០% ត្រូវបានគេចោលទៅក្នុងទន្លេ និងសមុទ្ររបស់យើង។

លោកបន្តថា «សភាពអឺរ៉ុបលើកទឹកចិត្តឱ្យមានការកែច្នៃ ប៉ុន្តែការកែច្នៃមួយមុខ មិនគ្រប់គ្រាន់នោះឡើយ។ តាងនាមឱ្យប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងរដ្ឋជាសមាជិករបស់យើង ខ្ញុំសូមអំពាវនាវសូមគ្រប់គ្នានិយាយថាទេ ចំពោះផលិតផល ប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង»

យោងតាមរបាយការណ៍ក្រសួងបរិស្ថាន បរិមាណសំរាម សំណល់ទីប្រជុំជន ដែលកម្ពុជាបានបង្កើតឡើងក្នុងមួយថ្ងៃមានចំនួនជាង ១ម៉ឺនតោន ដែលពលរដ្ឋរសនៅក្នុងរាជធានី និងក្រុងធំៗត្រូវបានប៉ានប្រមាណថា បានបង្កើតសំរាម ១គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋ រស់នៅតាមជនបទបង្កើតសំរាម ប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។ សរុបមួយឆ្នាំ បរិមាណសំរាម ដែលកម្ពុជាបង្កើតមានប្រមាណជិត ៤លានតោន ក្នុងនោះ ២០% នៃសំណល់សំរាមនេះ គឺជាសំណល់ថង់ប្លាស្ទិក។

បរិមាណសំណល់ប្រមាណ ៥៦,៩% នៃសំណល់សរុបប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់ចោលនៅទីលានចាក់សំរាម និងប្រហែល ២០%ប៉ុណ្ណោះ ដែលត្រូវបានប្រមូលទិញ សម្រាប់ធ្វើការកែច្នៃ និងសំណល់សំរាមជាង ២០% ត្រូវបានដុត ឬបោះចោលនៅតាមទីសាធារណៈ និងប្រភពទឹកនានា។

ខេត្ត-រាជធានីធំៗ ដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប ប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិក ដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន ៣ គឺ ១៧,៣% ក្នុងរាជធានីភ្នំពេញ ២០,៧%ក្នុងខេត្តសៀមរាប និង ៣៤% ក្នុងខេត្តព្រះសីហនុ។

លោក នេត្រ ភក្ត្រា បានបន្តថា សព្វថ្ងៃសេដ្ឋកិច្ចកម្ពុជាកំពុងរីកលូតលាស់ សង្គមកាន់តែចាយវាយកាន់តែច្រើន និងងាកទៅរកផលិតផលប្រើប្រាស់កាន់តែងាយស្រួល ដូចជាផលិតផលប្លាស្ទិក ដែលប្រើតែម្តងហើយបោះចោល។ នៅក្នុងប្រទេសកម្ពុជាតាមទីក្រុងធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកពី ៤០ ទៅ ៥២ ថង់ប្លាស្ទិកក្នុងមួយសបា្តហ៍។
យោងតាម របាយការណ៍ បរិមាណសំរាមនៅកម្ពុជាមានកំណើនប្រមាណ ១០%ក្នុងមួយឆ្នាំ។ លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀត ដែលបងប្អូនរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូន ដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីផលប៉ះពាល់នៃថង់ប្លាស្ទិក ដោយថ្លែងថា ហេតុផលដែលថាថង់ប្លាស្ទិកស្តើង ត្រូវបានគេចាត់ទុកថាជាការបំពុល ដល់បរិស្ថាន គឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិក គឺសារធាតុដែលមិនងាយនឹង ពុកផុយ ឬរលួយបានដោយងាយទេ។

លោក នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសំណល់ប្លាស្ទិក ដោយថ្លែងថា ដោយពិនិត្យឃើញបញ្ហាចំពោះមុខ និងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឱ្យនៅកម្រិតអប្បបរមាសំដៅការពារសុខភាពមនុស្ស បរិស្ថាន និងសោភ័ណភាព រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ណភាព។

ក្នុងអនុក្រឹត្យនោះក៏បានកំណត់ពីវិធានការគិតកម្រៃបន្ថែម លើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្ត។

លោក នេត្រ ភក្ត្រា បាគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់សម្អាតអនាម័យបរិស្ថានជុំវិញខ្លួន សូមចូលរួមថែរក្សាអនាម័យបរិស្ថាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវលាទាំងអស់។ លោកបានជំរុញឱ្យពលរដ្ឋ អនុវត្តគោលការណ៍ 3R និងអនុវត្តឱ្យមានប្រសិទ្ធភាព អនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល លើការគ្រប់គ្រងថង់ប្លាស្ទិក ដោយបានស្នើយ៉ាងទទូចឱ្យប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់វិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ឬ បញ្ចូលទំនិញក្នុងថង់តែមួយ «ថង់បរិស្ថាន»។

ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានា ដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធី កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នឹងទទួលបានការលើកទឹកចិត្តផងដែរ។ ប្រជាពលរដ្ឋត្រូវដឹងថា ការប្រើប្រាស់ថង់ប្លាស្ទិកច្រើនពេកដូចចោលសំរាមថង់ ប្លាស្ទិកនេះនៅតាមដងផ្លូវ និងក្នុងទឹកស្ទឹងទន្លេ។ កាត់ បន្ថយថង់ប្លាស្ទិកដោយបញ្ចូលទំនិញក្នុងថង់តែមួយ។

លោកបញ្ជាក់ទៀតថា «ប្លាស្ទិកមិនល្អទេសម្រាប់សុខភាពរបស់យើង សម្រាប់បរិស្ថាន និងសម្រាប់វិស័យទេសចរណ៍។ ពេលដែលថង់ប្លាស្ទិករលាយសារធាតុគីមី គឺសារធាតុមួយចំនួនប៉ះពាល់ដល់សុខភាពមនុស្ស និងបរិយាកាស។ ពេលប្លាស្ទិកកប់ក្នុងដី យូរឆ្នាំទៅវានឹងរលាយសាធាតុបន្តិចម្តងៗ ហើយសារធាតុគីមីមួយចំនួន នឹងសាយភាយប៉ះពាល់ដល់ការរស់នៅ របស់មនុស្សនិងសត្វ»

លោករដ្ឋលេខាធិការបានបន្ថែមថា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងហើយ បោះចោល គឺប្រជាពលរដ្ឋចាំបាច់ត្រូវកែប្រែទម្លាប់។ រួមគ្នាកាត់បន្ថយប្លាស្ទិក ព្រោះសំណល់ប្លាស្ទិក គឺជាបញ្ហាគំរាមកំហែងចម្បងចំពោះប្រព័ន្ធអេកូឡូស៉ី និងការអភិវឌ្ឍមនុស្ស ទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមនៅក្នុងកម្មវិធី សម្អាតទីសាធារណៈ បានចូលរួមរើសសំណល់សំរាម សំណល់ប្លាស្ទិកបានជាច្រើនតោន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖«ការដើររើសសំរាមនៅពេលនេះ គឺជានិមិត្តរូបនៃការរួមគ្នាសម្អាតអនាម័យបរិស្ថាន ហើយយើងចង់ឱ្យបរិស្ថាននៅជុំវិញខ្លួនយើងស្អាតជារៀងរហូត មិនមែនស្អាតតែមួយពេលនេះឡើយ។ ដូច្នេះចាំបាច់ត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋានទាមងអស់ ហើយអ្នកដែលធ្លាប់ តែមានទម្លាប់បោះសំរាមចោលផ្តេសផ្តាស សូមកែប្រែឥរិយាបថនិងចូលរួមសម្អាតផ្ទះយើង សម្អាតសហគមន៍យើងទាំងអស់គ្នា ប្រកបដោយការទតួលខុសត្រូវខ្ពស់»