(ស្ទឹងត្រែង)៖ យុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង ត្រូវបានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បិទបញ្ចប់ដោយជោគជ័យនូវយុទ្ធនាការ ការពារត្រីមេពូជក្នុងរដូវបិទនេសាទនាឆ្នាំ ២០១៩នេះ ក្រោមការសាទរយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។

ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា រដូវបិទនេសាទនៅដែនទឹកខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលបិទនេះ ការនេសាទដោយមងបណ្តែតវែងៗ និងអួនគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ដើម្បីការពារឲ្យត្រីមេពូជគ្រប់ប្រភេទ មានឱកាសអាចធ្វើចរាចរណ៍ទៅរកកន្លែងបន្តពូជ និងពងកូនបានដោយសុវត្ថិភាព។

ក្នុងយុទ្ធនាការរយៈពេលប្រាំខែនេះ ក្រុមអភិរក្សត្រីមេពូជបានធ្វើការផ្សព្វផ្សាយ អបរំ ណែនាំ ដល់ប្រជានេសាទចំនួន ១៧២៥ករណី ដកហូតនូវឧបករណ៍នេសាទមងបណ្តែត និងអួន ដែលរឹងរុះនេសាទចំនួន ៤១៣ត្បូង ស្មើនឹងប្រវែងប្រមាណ ១០០ ០០០ម៉ែត្រ បង្ក្រាបបទល្មើសឆក់ត្រីជាក់ស្តែងចំនួន ១៥ករណី ដោយបានបញ្ជូនខ្លួនជនប្រព្រឹត្តិបទល្មើសចំនួន ០៧នាក់ ទៅតុលាការ។

ក្រៅពីនេះក៏មានផងដែរនូវការបង្ក្រាបបទល្មើសជលផលផ្សេងៗ ជាច្រើនករណីទៀតដូចជា លូស្បៃមុង លបប្រើសមួយរយ ដាយ ជីប។ ជាពិសេស គឺកាត់ផ្តាច់បណ្តាញក្រុមដឹកជញ្ជូនផលនេសាទ ដែលបានមកពីបទល្មើសឆក់ត្រី។

លោក ទុំ នីរ៉ូ បញ្ជាក់ថា «តាមការប៉ាន់ស្មានដោយខណ្ឌរដ្ឋបាលជលផល ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៣០០០តោននោះទេ ត្រូវបានជួយសង្គ្រោះ ដោយបានទៅបន្តពូជ និងទំលាក់ពងដោយសុវត្ថិភាព ហើយអាចឲ្យយើងសល់កូនត្រី ក្នុងធម្មជាតិរាប់លានកូនណោះ។ តែទោះបីជាយ៉ាងនេះក៏ដោយ ការប្រែប្រួលអាកាសធាតុ ជាពិសេសរបបទឹកនាឆ្នាំនេះមានកម្រិតទាប អាចធ្វើឲ្យការបន្តពូជរបស់ត្រីមេពូជមិនបានប្រសើរ»

ជាចុងក្រោយ លោកនាយខណ្ឌ បានបន្តសំណូមពរយ៉ាងទទូចចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជានេសាទ ត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សា ការពារ និងប្រើប្រាស់នូវធនធានជលផល ឲ្យមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕