(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានប្រកាសដាក់ក្រសួងជាដៃគូទ្រង់ទ្រកីឡាការ៉ាតេជាផ្លូវការហើយ។ នេះបើតាមការបញ្ជាក់ក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅសាលសហព័ន្ធនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី០៦ ខែតុលានេះ។

ប្រធានសហព័ន្ធខាងលើបានថ្លែងថា «ក្នុងនាមរូបខ្ញុំជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានប្រកាសដាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដៃគូទ្រទ្រង់កីឡាការ៉ាតេជាផ្លូវការ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ <<ប្រជាជនម្នាក់ ហាត់កីឡាមួយមុខ>> និង <<ក្រសួង-ស្ថាប័នមួយទ្រទ្រង់កីឡាមួយប្រភេទ”»។

លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នសហព័ន្ធកំពុងធ្វើការកែទម្រង់ជាបន្តបន្ទាប់ ដើម្បីធានាអភិបាលកិច្ចការងារកីឡាការ៉ាតេឲ្យស៊ីចង្វាក់គ្នា និងមានសាមគ្គីភាពក្នុងរង្វង់គ្រួសារកីឡាការ៉ាតេទូទាំងប្រទេស។ លើសពីនេះ លោកបានដាក់ចេញនូវការងារអាទិភាពចំនួន ៤ ចំណុច ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍកីឡាមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ រួមមាន៖

ទី១. រៀបចំសមាសភាពគណៈកម្មាធិការប្រតិបត្តិ ដឹកនាំគ្រប់គ្រងមួយ ប្រកបដោយប្រសិទ្ធភាព ។
ទី២. រៀបចំក្រុមជម្រើសជាតិប្រចាំសហព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ រួចឈានទៅត្រៀមដណ្តើមឧត្តមភាពកីឡាការ៉ាតេ ក្នុងការប្រកួត SEA Games ឆ្នាំ ២០២៣ ។
ទី៣. រៀបចំកសាង DOJO សម្រាប់ជាសាលហ្វឹកហាត់ការ៉ាតេរបស់សហព័ន្ធមួយជាការប្រញាប់ ។
ទី៤. ចាប់ផ្តើមស្វែងរកជំនួយបច្ចេកទេសពីសហព័ន្ធការ៉ាតេពិភពលោក ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ក៏ដូចជាមន្ត្រីកីឡា អាជ្ញាកណ្តាល និងចៅក្រមជាដើម ។

ទន្ទឹមជាមួយគ្នាលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកជាតិឆ្នាំនេះ ពិសេសលោកសង្កេតឃើញមានកីឡាករ-កីឡាការិនីវ័យ ១៥ឆ្នាំ ដល់ជាង ២០ឆ្នាំ បង្ហាញឲ្យឃើញពីគុណភាពប្រកួតប្រជែងកម្រិតខ្ពស់ ដែលសហព័ន្ធបានដាក់ទិសដៅឲ្យសមាគម និងក្លឹបធ្វើការបណ្ដុះបណ្ដាលត្រៀមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។

ចំពោះលទ្ធផលការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ក្រោយដំណើរការប្រកួត ៤ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៦ ខែតុលា ដោយមានកីឡាករ-កីឡាការិនីមកពី ២១ក្លឹប/សមាគមចូលរួម ជាលទ្ធផលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយច្រើនជាងគេ ១៨គ្រឿង រួមមានមេដាយមាស ១១, ប្រាក់ ១ និងសំរឹទ្ធ ៦ ខណៈសមាគមកីឡាក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយមាស ៦, ប្រាក់ ៣ និងសំរឹទ្ធ ៣ សរុប ១២គ្រឿង និងក្លឹបការ៉ាតេ-ដូ អូគឺយឺតឹ ខេត្តសៀមរាប ឈរលេខ៣ ដណ្ដើមបានមេដាយមាស ៣, ប្រាក់ ៤ និងសំរឹទ្ធ ៣ សរុប ១០គ្រឿង៕