(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិកសមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក មាស ហួន ទីប្រឹក្សារាជរដ្ឋាភិបាលដែលបានទទួលមរណភាព។

នៅចំពោះភរិយា និងក្រុមគ្រួសារសព, ទេសរដ្ឋមន្រ្តី គន់ គីម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតលោក មាស ហួន ដែលធ្លាប់បានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិមាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិឱ្យមានការ រីកចម្រើនលើគ្រប់វិស័យ។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា មានសេចក្តីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំរកអ្វីប្រៀបពុំបានចំពោះការ ទទួលមរណភាពរបស់ ឯកឧត្តម មាស ហួន ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ក្នុងជន្មាយុ៨៤ឆ្នាំដោយរោគាពាធ»

លោកថា «ក្នុងក្តីវិយោគដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមសោកស្តាយជាទីបំផុតចំពោះការបាត់បង់ ឯកឧត្តម មាស ហួន ដែលជាឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលមួយជីវិតរបស់ ឯកឧត្តមបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិ មាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។

ក្នុងឱកាសដ៏សែនសោកសៅនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដោយក្តីសោកសង្រេងយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារដែលបានបាត់បង់នូវឧត្តមស្វាមី ឪពុកជាទីគោរពស្រលាញ់ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។

សូមបញ្ជាក់ថា លោក មាស ហួន ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ នៅម៉ោង៤ទៀបភ្លឺ ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។ បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានផ្ទះលេខ ៤៦៤ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕