(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៥ ខែកញ្ញា ម្សិលមិញនេះ ក្រុមហ៊ុន T.R.E បានធ្វើការសម្ពោធផលិតផលថ្មីរបស់ខ្លួនមានឈ្មោះថា G Glamor នៅផ្សារទំនើប Aeon Mall សែនសុខ ក្រោមវត្តមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ អ្វីដែលពិសេស គឺមានការប្រគុំតន្រី្តយ៉ាងកក្រើកនៅទីតាំងផ្សារទំនើប Aeon ដើម្បីធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។

វត្តមានរបស់កំពូលតារាចម្រៀង សុខ ពិសី ប៉ះជាមួយនឹង Pinky ព្រមទាំងតារាចម្រៀងល្បីដទៃទៀត បានធ្វើឲ្យបរិយាកាសកាន់តែមានការចាប់អារម្មណ៍ខ្លាំងតាំងពីដើម ដល់បញ្ចប់កម្មវិធី។

ក្នុងឱកាសបើកពិធីសម្ពោធផលិតផល G Glamor អ្នកស្រី ស៊ូ អេង ជាអគ្គនាយិកា ក្រុមហ៊ុន T R E IMPORT EXPORT Co., Ltd បានថ្លែងថា ក្រុមហ៊ុនអ្នកនាង បាននាំចូល គ្រឿងសំអាងជាច្រើនមុនតាំងពី ក្បាលដល់ចុងជើង ហើយផលិតផលទាំងអស់គឺសុទ្ធសឹងតែជាផលិតផល មានគុណភាពខ្ពស់ ដែលទទួលស្គាល់ ពីក្រសួងសុខាភិបាលទាំងក្នុង និងក្រៅប្រទេស។

អ្នកស្រីបន្តថា ក្រុមហ៊ុនអ្នកស្រីមាន ទស្សនៈវិស័យចង់ឲ្យប្អូនប្រជាជនកម្ពុជា បានប្រើប្រាស់ផលិតផលល្អៗ គុណភាពខ្ពស់តំលៃសមរម្យមិនចំនាយប្រាក់ច្រើនក្នុងការទិញសំភារៈពីក្រៅប្រទេស។

ជាពិសេសគឺជួយដល់ប្រទេសជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រ និងស្រ្តីៗជាច្រើន ដែលគ្មានការងារធ្វើ ពួកគាត់បានក្លាយជាតំណាងចែកចាយរបស់ក្រុមហ៊ុន ដែលកត្តានេះគឺអាចជួយសំរាល បន្ទុកគ្រួសាររបស់ពួកគាត់បានច្រើនផងដែរ។

ក្រោយ អ្នកស្រី ស៊ូ អេង បញ្ចប់ការថ្លែងបើកកម្មវិធី តារាតំណាងផលិតផលគឺ តារាសម្តែងថៃ Pinky ក៏បានចែករំលែកបទពិសោធន៍នៃការថែសម្រស់ដល់មិត្តនារីទាំងអស់ផងដែរ។ Pinky បាននិយាយពាក្យដ៏ខ្លីថា «សម្រស់របស់យើងគឺមាន នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើន និងឲ្យតម្លៃខ្លួនឯង»។

ក្រៅពីវត្តមានរបស់តារាស្រី Pinky មហាជនសង្កេតឃើញថា តារាល្បីរបស់កម្ពុជាបានបង្ហាញវត្តមានច្រៀងរាំជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ជាពិសេសវត្តមានកញ្ញា សុខ​ ពិសីតែម្តង។

បើក្រឡែកមើលនៅជុំវិញបរិវេណនៃពិធី គឺសុទ្ធសឹងតែអ្នកគាំទ្ររបស់ សុខ ពិសី កាន់រូបថតឡើង ស្រែកហោរគាំទ្រ Idol របស់ពួកគេ ពេលឡើងបកស្រាយចម្រៀង ជាមួយនឹងការបង្ហាញរូបស្រស់យ៉ាងទាក់ទាញ ក្នុងឈុតរូបពណ៌សបែកទឹកដោះគោ​ យ៉ាងភ្លឺចែងចាំង។

គួរជម្រាប់ថា ក្នុងកម្មវិធីនេះ ក្រៅពីមានវត្តមានកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា សុខ ពិសី និងតារាថៃ Pinky ហើយនោះ គឺមានដូចជា នាយ ចឺម, លោក លាន បញ្ចនីត និងកញ្ញា នាង គន្ធា នឹងមកអង្រួនបេះដួងទស្សនិកជន ដែលកាន់តែធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ក្នុងកម្មវិធី សម្ពោធផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន T.R.E ៕