(ភ្នំពេញ)៖ នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ មានករណីជនជាតិចិនមួយក្រុម បានចាប់បង្ខាំងមនុស្ស (ជនជាតិចិនដូចគ្នា) ខុសច្បាប់ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថតាមចាប់បង្ក្រាប និងចាប់ខ្លួនចំនួន ៧នាក់។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ករណីនេះកម្លាំងរបស់លោក ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ និងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង លើបទល្មើសបង្ខាំង និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិចិនដូចគ្នាចំនួន ១០នាក់ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកមេបញ្ជាការ បានបញ្ជាក់ទៀតថា សម្រាប់ជនរងគ្រោះ (ប្រុស) ទាំង១០នាក់ ត្រូវបានជនដៃដល់ និងបក្ខពួកបានចាប់បង្ខាំង ហើយធ្វើទារុណកម្មយ៉ាងខ្លាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជនសង្ស័យទាំង៧នាក់ ត្រូវបានចាប់វាយខ្នោះទាំងអស់តែម្តង។

យ៉ាងណាក៏ដោយ លោកមេបញ្ជាការ មិនទាន់បានបញ្ជាក់នូវព័ត៌មានលម្អិតនៅឡើយទេ រង់ចាំការសួរនាំសិន។ ក្រៅពីការចាប់ខ្លួន កម្លាំងសមត្ថកិច្ចអាវុធហត្ថ បានរកឃើញ និងដកហូតខ្នោះដៃមួយចំនួនផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកមិញនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏មានហេតុការណ៍ជនជាតិម្នាក់ ត្រូវជនដៃដល់ចំនួន ៣នាក់​ចាប់អូសចេញពីរថយន្តរួចបាញ់សម្លាប់ចោលផងដែរ ប៉ុន្តែជនសង្ស័យ២នាក់ (ស្រីម្នាក់) ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានភ្លាមៗផងដែរ៕