(ភ្នំពេញ)៖ រថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿង ត្រូវបានបុរសជនជាតិចិនម្នាក់ បើកយកទៅប្លុងចោល រួចចាកចេញទៅបាត់ស្រមោល មិនដឹងថាមានបញ្ហាអ្វីឡើយ។ បន្ទាប់ពីចាំមើលច្រើនថ្ងៃ នៅតែមិនឃើញម្ចាស់ ទៅយកទៀតនោះ ម្យ៉ាងខ្លាចរថយន្តនេះ មានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីមួយ អ្នកភូមិក៏បានរាយការណ៍ជូនលោក ថេង កុសល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣។

ជាក់ស្ដែងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ម្សិលមិល លោក ថេង កុសល បានចុះទៅពិនិត្យមើល និងបានជួលរថយន្តស្ទូច ១គ្រឿង ទៅស្ទូចដឹកយករថយន្តនោះ ទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរកម្ចាស់ ដើម្បីទៅទទួលយកត្រឡប់ទៅវិញ។

ក្រោយមានការប្រកាសពីសមត្ថកិច្ច ទើបម្ចាស់រថយន្តមកទទួលយករថយន្តនេះត្រឡប់ទៅវិញ។

លោកនាយប៉ុស្តិ៍ បានប្រាប់ឲ្យដឹងថា រថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿងនេះ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2AX-8180 ដែលត្រូវជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បើកយកទៅប្លុងចោល នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង ១០ថ្ងៃកន្លងមកហើយ។

លោកថា បន្ទាប់មកបុរសជនជាតិចិនរូបនោះ បានចាកចេញទៅបាត់ស្រមោល មិនឃើញត្រឡប់ទៅយករថយន្តនោះ ចេញពីកន្លែងកើតហេតុឡើយ ហើយក្រោយពេលពីចាំមើលជាច្រើនថ្ងៃ មិនឃើញម្ចាស់បែបនេះ ទើបប្រជាពលរដ្ឋរាយការណ៍ជូនលោកឲ្យទៅពិនិត្យ និងស្ទូចយកមករក្សាទុកនៅប៉ុស្តិ៍។

លោកមេប៉ុស្តិ៍បានបន្តថា រថយន្តនេះបែកកង់៣គ្រាប់ ហើយតាមពិនិត្យមើលជាក់ស្ដែង មិនមានអ្វីគួរឲ្យសង្ស័យនៅក្នុងនោះឡើយ ប៉ុន្តែលោកក៏មិនទាន់ដឹងថា មានបញ្ហាអ្វីទើត្រូវគេយកទៅប្លុងចោលឡើយ ហើយក៏មិនទាន់ដឹងថារថយន្តនោះ ត្រូវចោរលួចប្លន់ចេញពីកន្លែងណាមួយ ឬបែបណាដែរ៕