(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានចុះបង្រ្កាបបទល្មើសជលផល ទ្រង់ទ្រាយធំនៅតាមបណ្ដាយព្រែកឆ្លូង ស្ថិតនៅ ឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយរឹបអូសវត្ថុតាងជាច្រើន និងដុតបំផ្លាញចោល។ ប្រតិបត្តិការនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី0៥ ខែតុលា ឆ្នាំ២០១៩។

លោក ម៉ុក ពន្លក នាយរងខណ្ឌជលផល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែតុលានេះថា សកម្មភាពបង្ក្រាបត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ទ្រី សុភក្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ហើយកម្លាំងចម្រុះចូលរួមបង្រ្កាបរួមមានខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ, អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ, ផ្នែករដ្ឋបាលជលផលឆ្លូង គណៈបញ្ជាការឯកភាពស្រុកឆ្លូង និងសហគមន៍នេសាទ។ ជាលទ្ធផល បានចុះបង្រ្កាបបទល្មើសនេសាទ ដោយសមត្ថកិច្ចរឹបអូស និងធ្វើការរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ដូចជាដាយចាប់ត្រីចំនួន៧វង់ ហើយដាយចាប់ត្រីនីមួយៗមានមុខកាត់ទំហំ១៣ម៉ែត្រ ប្រវែង២៥ម៉ែត្រ ក្រឡា២,៥សង់ទីម៉ែត្រ ទៅ១២សង់ទីម៉ែត្រ។

មន្រ្តីជលផលរូបនេះ បានលើកឡើងថា ក្នុងនាមរដ្ឋបាលជលផល ក៏ដូចរូបលោកផ្ទាល់ សំណូមពរដល់ប្រជានេសាទទាំងអស់ ជាពិសេសបងប្អូនប្រជានេសាទអស់ ដែលជានិច្ចជាកាល ជារៀងរាល់ឆ្នាំតែងតែឃើញថា ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។

ជាមួយគ្នានេះដែរ លោកនាយរងខណ្ឌ សំណូមពរដល់ហគមន៍នេសាទនៅតំបន់នោះ ឲ្យផ្ដល់ព័ត៌មានដល់អាជ្ញាធរនៅជិតបំផុត ដើម្បីធ្វើការបង្ក្រាបឲ្យទាន់ពេល ធ្វើយ៉ាងណាត្រូវសហការ យ៉ាងស្អិតរមួតជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ ជាមួយអាជ្ញាធរឃុំ-ភូមិ ព្រមទាំងប្រជាការពារ សូមឲ្យកិច្ចសហការរវាងគ្នា និងគ្នាឲ្យខ្ជាប់ខ្ជួន ជានិច្ចជាកាល ដើម្បីចុះជួយទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល។

លោកបញ្ជាក់ទៀតថា មូលហេតុក្រុមការងារសម្រេចបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រីនោះចោល ដោយសារនៅតំបននោះឆ្ងាយហើយ ត្រូវលើកទូកឆ្លងកាត់ស្ពាន មានការលំបាក់ខ្លាំង។ លោកក៏បានថ្លែងអំណអរគុណដល់គណៈបញ្ជាការឯកភាពគ្រប់ស្រុក ដែលតែងតែសហការជាមួយស្ថាប័នជំនាញជលផល និងស្ថាប័ននានាដើម្បីចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលមានប្រសិទ្ធភាពខ្ពស់៕