(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា អនាគតបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា នឹងបើកផ្លូវទទួលយកការវិនិយោគ នៅក្នុងសេដ្ឋកិច្ចឌីជីថល និងឈានទៅពង្រឹងវិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា និងបង្កើតជាវិស័យថ្មីទៀត។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងទៀតថា ទិដ្ឋភាពអាជីវកម្មដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅកម្ពុជាទាំងអស់ ពឹងផ្អែកកាន់តែខ្លាំងលើបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់អាជីវកម្មថ្មីៗ និងអាជីវកម្មកំពុងដំណើរការស្រាប់ ព្រមទាំងគាំទ្រដល់ភាពស្មុគស្មាញ ដែលកើតឡើងកាន់តែខ្លាំងឡើង នៅក្នុងការគ្រប់គ្រងប្រតិបត្តិការ។

ថ្លែងក្នុងសន្និសីទ ស្តីពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារ រ៉ូសវូឌ ភ្នំពញ ព្រឹកថ្ងៃទី៣ ខែតុលានេះ លោក ទេសរដ្ឋមន្ត្រី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ អភិវឌ្ឍន៍ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាថា ប្រទេសកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាពេញលេញ ដែលអាចតភ្ជាប់ក្នុងឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលក្រុមហ៊ុនយក្ស និងក្រុមហ៊ុនពហុជាតិធំៗផ្សេងទៀត បានពង្រីកការឈានទៅរកទីផ្សារថ្មីៗ។

លោក ស៊ិកហ្រ្វេដ ឈីង (Sigfried Ching) នាយកគ្រប់គ្រងក្រុមហ៊ុន Pricewaterhouse Coopers Singapore បានថ្លែងថា ការឈានទៅប្រើប្រាស់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា នឹងអាចគ្រប់គ្រងនិរន្តរភាព នៃដំណើរការអាជីវកម្ម និងឧស្សាហកម្ម ព្រមទាំងមុខងារផ្សេងកាន់ច្បាស់លាស់។

លោកបញ្ជាក់ថា នៅពេលអង្គភាពនានានៅកម្ពុជា មានលក្ខណៈកាន់តែធំទៅៗ និងកាន់តែស្មុគស្មាញ ទាមទារឲ្យមានផែនការយ៉ាងហ្មត់ចត់ ដើម្បីកាត់បន្ថយ និងបង្រួមអប្បបរមាពេលវេលា និងកាត់បន្ថយការគំរាមកំហែង ដល់អាទិភាពប្រតិបត្តិការ។

បើតាមអ្នកជំនាញលើកឡើងថា កម្ពុជាអាចតភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកជំនួញខាងឌីជីថល និងសហគ្រិនបច្ចេកវិទ្យា ដើម្បីទាញយកកម្លាំង នៃបច្ចេកវិទ្យានៅក្នុងឧស្សាហកម្ម៤.០ សម្រាប់ការផ្លាស់ប្តូរផលិតផល និងសេវាកម្ម ដែលមានលក្ខណៈប្រកួតប្រជែងនៅក្នុងខ្សែសង្វាក់តម្លៃសកល និងបណ្តាញផលិតកម្ម។

ផ្អែកតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថាន McKinsey Global បង្ហាញថា នៅឆ្នាំ២០៣០ខាងមុខ អាស៊ាន អាចបង្កើតផលប៉ះពាល់សេដ្ឋកិច្ចសក្តានុពលដ៏ធំធេង ពីបច្ចេកវិទ្យាប្រមាណ៦២៥ពាន់លានដុល្លារអាមេរិក ស្មើនឹង៤ទៅ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់អាស៊ាននៅឆ្នាំនោះ៕