(ព្រៃវែង)៖ គ្រោះចរាចរណ៍រវាងរថយន្តធុនធំ និងរថយន្តស្តារិច នៅចំណុចខាងកើតគល់ស្ពានអ្នកលឿង ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង បានអូសបន្លាយពេលជាង១០ថ្ងៃមកហើយ មិនទាន់ឃើញភាគីម្ចាងទៀតចូលខ្លួនដោះស្រាយនោះទេ។ ម្ចាស់រថយន្តរងគ្រោះ អំពាវនាវសមត្ថកិច្ច ជួយជំរុញ ក្រុមធានារ៉ាប់រង CAMINCO ចូលមកបញ្ចប់រឿង ដែលទាមទារសំណងថ្លៃខូចខាតរថយន្ត និងប៉ះពាល់ផ្លូវចិត្ត សរុប៦៨,០០០ដុល្លារ។

បើតាមលោក វាល ចន្ទ័ដារិទ្ធ មុខរបរជាវេជ្ជបណ្ឌិត រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាម្ចាស់រថយន្តរងគ្រោះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី0៣ ខែតុលា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ រូបលោក និងក្រុមគ្រួសារបានទៅចូលរួមដាក់បិណ្ឌ នៅវត្តមួយនៅខេត្តព្រៃវែង ខណៈបើកចុះពីលើស្ពានអ្នកលឿងត្រើយខាងកើត បានប្រមាណ៣០០ម៉ែត្រ ក៏មានការស្ទះចរាចរណ៍នៅទីនោះ ដោយលោកបើកបរដោយល្បឿនយឺតៗ ស្រាប់មានរថយន្តដឹកជីពេញ បុករថយន្តរបស់លោកពីក្រោយពេញទំហឹង រុញខ្ទប់ទៅនិងរថយន្តកុងតឺន័រ ដែលនៅពីមុខខូចខាតរថយន្តយ៉ាងដំណំ។

លោកបានបន្តថា ក្រោយពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងធ្វើការវាស់វែង និងនាំរថយន្តទាំងពីរមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំ ព្រែកខ្សាយ (ក) តែកន្លែងមានភាពចង្អៀតពេក ក៏អូសមកផ្ញើរទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអ្នកលឿង ស្រុកពាមរក៍វិញ ទុករយៈពេលជាង១០ថ្ងៃហើយ ដោយសមត្ថកិច្ច ក៏ដូចក្រុមហ៊ុនធានារ៉ាប់រង CAMINCO ថាថ្ងៃនេះ ថ្ងៃនោះ មិនទាន់ឃើញមានដំណោះស្រាយនោះទេ។

លោក វាល ចន្ទ័ដារិទ្ធ បានបញ្ជាក់ថា លោកសូមសំណូមពរ ដល់ម្ចាស់រថយន្តបង្កហេតុខាងលើ ចូលខ្លួនមកដោះស្រាយនូវសំណង ដែលទាមទារ ទី១៖ ថ្លៃរថយន្តខូចខាតចំនួន៤,៨០០០ដុល្លារ, ទី២៖សងប៉ះពាល់ផ្លូវចិត្ត មកលើក្រុមគ្រួសារ ដែលមានការភិតភ័យចំនួនទឹកប្រាក់២០,០០០ដុល្លារអាមេរិក។

យ៉ាងណាមិញ លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានឲ្យដឹងថា រថយន្តរងគ្រោះម៉ាកស្តារិច ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2BC-5354 បើកបរដោយឈ្មោះ វាល ចន្ទ័ដារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរវិជ្ជបណ្ឌិត នៅភូមិពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តរងការខូចខាតផ្នែកខាងមុខ និងខាងក្រោយ។

ចំណែករថយន្តបង្ក ម៉ាកហ៉ីយិនដាយ ពណ៌បៃតង ស្លាកលេខស្វាយរៀង3A-0809 បើកបរដោយឈ្មោះ ហ៊ួត បញ្ញា ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្តាល រថយន្តរងការខូចខាតផ្នែកខាងមុខ។

លោកអធិការបញ្ជាក់ថា មូលហេតុដោយសាររថយន្តធុនធំដឹកជី បើកបុកពីក្រោយរថយន្តហ៉ីយិនដាយ ស្តារិច ចំពោះគ្រោះថ្នាក់ខាងលើ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ រីឯរថយន្តទាំងពីរយកមករក្សាទុកនៅប៉ិស្តិ៍រដ្ឋបាលឃុំអ្នកលឿង ដោយប៉ុស្តិ៍រដ្ឋបាលឃុំព្រែក ខ្សាយ(ក) មានភាពចង្អៀតពេក។

ពាក់ព័ន្ធការអំពាវនាវនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់ចុះការបកស្រាយ ឬការបំភ្លឺណាមួយពីភាគីខាងក្រុមហ៊ុនធានារ៉ាប់រង CAMINCO បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ៕