(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានលើកឡើងថា ក្នុងនាមជាកីឡាករ ត្រូវតែហ៊ានទទួលយកនូវភាពឈ្នះ និងចាញ់ ហើយអ្វីដែលជាចំណុចពិសេសនោះ គឺត្រូវតែមានសាមគ្គីភាពគ្នាល្អ និងដើម្បីមិត្តភាពហើយ ក៏ដើម្បីសុខភាពដែរ។

លោក គីម រិទ្ធី បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ។

លោកបន្តថា នេះជាលើកទី១ហើយ ដែល ស.ស.យ.ក ខេត្តកណ្តាល បង្កើតការប្រកួតបាល់ទាត់ពានរង្វាន់នេះឡើង ខណៈកន្លងទៅ យើងបានត្រឹមតែសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាលតែប៉ុណ្ណោះ ដែលការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីបំផុសយុវជនងាក មកលេងកីឡាកាន់តែច្រើន និងបង្កើននូវសាមគ្គីភាព មិត្តភាព ក៏ដើម្បីសុខភាពផងដែរ។

លោកថា ជាងនេះទៅទៀត ក៏ដើម្បីឲ្យយុវជនចាកផុតពីគ្រឿងញៀន និងអំពើឧបាយមុខផងទាំងពួងដែរ ដោយយកពេលវេលាទៅលេងកីឡាវិញ ដូចនេះកីឡាករទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍៣ រួមមាន កីឡារនាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាព។

លោក ធុល នាង ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជាអនុប្រធានគណៈកម្មការរៀបចំការប្រកួត បានដឹងថា ក្រុមកីឡាដែលត្រូវចូលរួមប្រកួត មានទាំងអស់ចំនួន១៦ក្រុម ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ហើយប្រកួតតែថ្ងៃសៅរ៍-អាទិត្យ តែប៉ុណ្ណោះ និងគ្រោងបិទបញ្ចប់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។

លោកបន្ដថា ក្នុងនោះ ក្រុមដែលប្រកួតបើកឆាកដំបូង គឺក្រុមកីឡាកររបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល ជាមួយក្រុមយុវជនសហភាពសហព័ន្ធកម្ពុជាស្រុកល្វាឯម ហើយក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបានពានមួយ អមដោយមេដាយ និងទឹកប្រាក់១០លានរៀល លេខ២ទទួលបានថវិកា៤លានរៀល និងលេខ៣ ទទួលបានប្រាក់ឧបត្ថម២លានរៀល ក្រៅពីនោះ ក៏ពានសម្រាប់កីឡាករលេងល្អជាងគេ ស៊ុតបញ្ចូលទីបានច្រើនជាងគេ និងអ្នកចាំទីឆ្នើមជាងគេផងដែរ៕