(ក្រចេះ)៖ មន្ទីរផែនការខេត្តក្រចេះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ បានបើកការកិច្ចប្រជុំផ្សព្វផ្សាយពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២០-២០២៤) នៅសាលប្រជុំសាលាខេត្តក្រោមវត្តមានលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត យ៉ាងច្រើនផងដែរ។

លោក លី ណាត បានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ គឺជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារសំខាន់ ដែលត្រូវបានប្រើប្រាស់ សម្រាប់វិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀបចំកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល ហេតុនេះ ដើម្បីធានាឱ្យការរៀបចំ ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិល បន្ទាប់របស់យើងប្រព្រឹត្តទៅបាន ទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ណែនាំ គឺទាមទារឱ្យយើងត្រូវត្រៀមរៀបចំជាមុនរួចជាស្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំ ផ្នែកគោលនយោបាយ សម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគ៣ឆ្នាំ រំកិល។

លោកបានបន្ថែមទៀតថា ហើយការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឱ្យមានការរីកចម្រើនគួរ ឱ្យកត់សម្គាល់ គឺពិតជាបានផ្ដល់នូវផលប្រយោជន៍យ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកអភិបាលរងខេត្ត បានជំរុញដល់អង្គប្រជុំទាំងអស់ ត្រូវបន្តចូលរួមឱ្យបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត អំពីគោលការណ៍ណែនាំ ផ្នែកនយោបាយ ប្រតិទិនការងារ និងដំណើរការនៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងរបៀបដែលអ្នកពាក់ព័ន្ធនីមួយៗ អាចចូលរួមក្នុងកិច្ចដំណើរការនេះ និងអាចបំពេញធាតុចូលនានា អាចរៀបចំគម្រោងអាទិភាពរបស់ខ្លួន ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំអាណត្តិទី៣ សម្រាប់រៀបចំរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ខេត្ត៕