(កណ្តាល)៖ នៅគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ មានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសអាហារូបករណ៍ និងប្រគល់ទទួលអាហារូបករណ៍របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល។

កម្មវិធីចាប់ឆ្នោតជ្រើសរើសអាហារូបករណ៍នេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ មានចំនួនសរុប ៧៨៦នាក់ ក្នុងនោះ ស្រីមានចំនួន៤២៧នាក់ ដោយឡែកសិស្សបានប្រឡងជាប់ មានចំនួន៥៩៩នាក់ ស្រីមាន៣៩១នាក់។

លោកបន្ដថា សិស្សប្រឡងជាប់និទ្ទេស A មានចំនួន២នាក់ ស្រី១នាក់ និទ្ទេស B មានចំនួន១៦នាក់ ស្រី១៣នាក់ និទ្ទេស C ចំនួន៥៨នាក់ ស្រី ៣២នាក់ និទ្ទេស D ចំនួន១១៨នាក់ ស្រី៦៩នាក់ និងនិទ្ទេស E ចំនួន៤០នាក់ ស្រី២២៤នាក់ ត្រូវជាប្រមាណ៧៦.២១ភាគរយ។

លោក កៅ ថាច បានពាំនាំការសាកសួរសុខទុក្ខ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងសំដែងសេចក្តីត្រេកអរ និងសូមធ្វើការអបអរសាទរ ដល់ប្អូនៗសិស្សានុសិស្សទាំង៦៤នាក់ ដែលមានឱកាសទទួលបាន អាហារូបករណ៍របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីធ្វើការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងរបស់ខ្លួន នៅតាមបណ្តាមហាវិទ្យាល័យដែលខ្លួនចង់បន្តការសិក្សា។

លោក កៅ ថាច បានបញ្ជាក់បន្ថែមទៀតថា អាហារូបករណ៍របស់ប្អូនៗ ទទួលបាននៅថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែប្អូនៗទទួលបានដោយការខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងជាប់ ទទួលបានលំដាប់ពិន្ទុខ្ពស់ ក្នុងចំនោមសិស្សជ័យលាភី ហើយម្យ៉ាងទៀត ប្អូនៗបានចំណាយពេលវេលា ឆ្លៀតជួយដល់ការងាររបស់សង្គម និងមូលដ្ឋានដែលប្អូនៗកំពង់រស់នៅផ្ទាល់។

លោកបន្ដថា ឆ្លងកាត់ការខិតខំទាំងអស់នេះ ទើបប្អូនៗទទួលបានការវាយតម្លៃពីលោកគ្រូ អ្នកគ្រូ ពីអាជ្ញាធរមូលដ្ឋាន សម្រេចឲ្យប្អូនៗទទួលបានអាហារូបករណ៍សិក្សា ដោយឥតបង់ថ្លៃពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

បន្ថែមលើនេះ នៅពេលប្អូនៗ ទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ លោក កៅ ថាច បន្តលើកទឹកចិត្ត និងស្នើសុំឲ្យប្អូនបន្តខិតខំបន្ថែមទៀត ដោយពង្រឹងសមត្ថភាព ដើម្បីឈានឡើងចាប់ឱកាសការងារ ដែលកំពង់រង់ចាំប្អូនៗ។

ជាថ្មីម្តងទៀត លោក កៅ ថាច បានធ្វើការណែនាំខ្លះៗ ដល់ប្អូនៗ នៅពេលដែលទៅបន្តការសិក្សា នៅមហាវិទ្យាល័យ៖

* ត្រូវខិតខំសិក្សារៀនសូត្រ លើមុខជំនាញដែលខ្លួនបានជ្រើសរើស និងត្រូវសិក្សារហូត ដល់ចប់មិនត្រូវបោះបង់អាហារូបករណ៍នេះ ចោលកណ្តាលផ្លូវឡើយ។
* ត្រូវខិតខំរៀនសូត្រភាសាបរទេស ឲ្យមានជំនាញច្បាស់លាស់ ដើម្បីទទួលបានឱកាសការងារ និងប្រាក់បៀវត្សខ្ពស់ នៅពេលប្អូនបញ្ចប់ការសិក្សា
* ឆ្លៀតពេលចុះជួយការងារសង្គម និងការងារមូលដ្ឋានតាមដែលអាចធ្វើបាន ព្រោះសកម្មភាពទាំងអស់នេះ ជួយដល់ប្អូនៗទទួលបានបទពិសោធន៍ នៃបំនិនជីវិតថ្មី ដោយផ្សារភ្ជាប់ទ្រឹស្តីនៃការសិក្សា ទៅនឹងការអនុវត្តការងារ ក្នុងសង្គមជាតិ។
* ត្រូវគោរពស្រឡាញ់ដឹងគុណឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូជានិច្ច និងបន្តចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក កៅ ថាច ក៏បានឧបត្ថម្ភថវិកាចំនួន១លានរៀល ជូនដល់គណបក្សស្រុកផងដែរ។

គួរបញ្ជាក់ផងដែរថា ចំពោះសិស្សជ័យលាភីចំនួន៦៤នាក់ ទទួលបានអាហារូបករណ៍របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទៅបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅមហាវិទ្យាល័យ ត្រូវបានបែងចែកទៅតាម៖
១៖ សកលវិទ្យាល័យកម្ពុជា ចំនួន៨កន្លែង
២៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៤កន្លែង
៣៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន៤កន្លែង
៤៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៨កន្លែង
៥៖ សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន៨កន្លែង
៦៖ វិទ្យាស្ថានជាតិប្រៃសនីយ៍ ទូរគមនាគន៍ ចំនួន៨កន្លែង
៧៖ សាលាជាតិកសិកម្មព្រែកលាប បរិញ្ញាបត្រ២០កន្លែង និងបរិញ្ញាបត្ររងចំនួន១០កន្លែង៕