(ព្រះសីហនុ)៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា នៅតែមានការកើនឡើង ដែលជាកង្វល់មួយសម្រាប់សង្គមជាតិ ដូច្នេះដើម្បីចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជួន បានរៀបចំនូវយុទ្ធនាការសុវត្ថិភាពមួយក្រោមប្រធានបទ «សុវត្ថិភាពផ្តើមចេញពីខ្ញុំ» ដើម្បីធ្វើការក្រើនរម្លឹក ផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងច្បាប់ជូនដល់បុគ្គលិកម្មករនិយោជិត ដែលជាអ្នកបើកបរ នៅរោងចក្រក្រុមហ៊ុន ជីប ម៉ុង ដែលស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

កម្មវិធីយុទ្ធនាការសុវត្ថិភាពនេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណរោងចក្របេតុងជីប ម៉ុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម និងសហការណ៍ពីវាគ្មិនកិត្តិយស លោក នុត លី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ។

លោក អាន ស៊ីដេត ប្រធានផ្នែកសុវត្ថិភាព នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានបញ្ជាក់ថាគោលបំណងនៃការរៀបចំយុទ្ធនាការសុវត្ថិភាពនេះ គឺដើម្បីចូលរួមពង្រឹង និងផ្សព្វផ្សាយ វប្បធម៌ទៅសុវត្ថិភាពក្នុងសង្គម ជាពិសេសសុវត្ថិភាព ចរាចរណ៍នៅកន្លែងការងារ និងតាមដងផ្លូវ ពោលគឺ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។

លោកបានបន្តទៀតថា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ ពីសុវត្ថិភាពជាចំបង។ គ្រោះថ្នាក់ចរាចរណ៍ អាចកើតឡើងបាន ប្រសិនបើយើងមិនមានការប្រុងប្រយត្ន័ ដូចនេះ ការផ្សព្វផ្សាយពីចំណេះដឹង អំពីសុវត្ថិភាពក្នុងការបើកបរ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិតជាមានសារ:ប្រយោជន៍ ដល់អ្នកបើកបរគ្រប់រូប ក្នុងការបញ្ជៀស ពីការបង្កគ្រោះថ្នាក់ដោយជាយថាហេតុ។

លោក នុត លី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានថ្លែងថា «ការចូលរួមពីវិស័យឯកជន ក្នុងការផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសារៈសំខាន់សម្រាប់សណ្ដាប់សាធារណៈ និងបង្ការគ្រោះថ្នាក់ចរាចរណ៍»