(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានសហព័ន្ឋកីឡាការ៉ាតេកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកការប្រកួត ជ្រើសរើសជើងឯកកីឡាការ៉ាតេ ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដើម្បីរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងសម្រិតសម្រាំងយកកីឡាករ កីឡាការិនី ដែលមានសក្តានុពល សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមការ៉ាតេ លើកទី៩ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០២០ និងជាពិសេស គឺការត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ចៅក្រម អាជ្ញាកណ្ដាល សូមប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីរបស់ខ្លួន សំដៅធ្វើយ៉ាងណាឲ្យការប្រកួតជ្រើសរើសជើងឯកនេះ ប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងជ្រើសរើសបាននូវកីឡាករ កីឡាការិនី ដែលមានសក្តានុពលពិតប្រាកដ។

លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ក្មួយៗ កីឡាករ កីឡាការិនី ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា លក្ខន្តិកៈ នៃការប្រកួត នឹងត្រូវឆ្លៀតឱកាសនេះ ទាញយកបទពិសោធន៍ ដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពខ្ពស់ឡើង និងត្រូវធ្វើការកែលម្អរនូវចំណុចខ្វះខាតមួយចំនួន ជាពិសេសលើមូលដ្ឋានបច្ចេកទេស។

ក្នុងឱកាសនោះ ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោករដ្ឋមន្ត្រី បានឧបត្ថម្ភជាថវិកាដល់អាជ្ញាកណ្តាល និងចៅក្រមចំនួន៦រូប កីឡាករចំនួន៨៦រូប កីឡាការិនីចំនួន៣៥រូប និងគណកម្មការរៀបចំការប្រកួត ចំនួន៥០រូប ដោយម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល ដោយឡែកសម្រាប់សមាគមក្លឹបការ៉ាតេ ដែលបានចូលរួមចំនួន២១ក្លឹប ដោយក្នុងមួយក្លឹបទទួលបានថវិកា៥០ម៉ឺនរៀល។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេ ឆ្នាំ២០១៩នេះ មានសមាគម ក្លឹបការ៉ាតេចូលរួមចំនួន២១ នឹងមានកីឡាករចំនួន៨៦រូប កីឡាការិនីចំនួន៣៥រូប ដោយត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩៕