(រតនគិរី)៖ ជនដៃដល់ដែលបានបាញ់សម្លាប់ ជនរងគ្រោះនៅកណ្ដាលក្រុងបានលុង ក្នុងហាងកាហ្វេមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយប្រព្រឹត្តអំពើឃាតកម្ម រយៈពេលជាងមួយម៉ោងនោះ គឺជាមន្ដ្រីនគរបាល ហើយក៏ជាមិត្តភ័ក្តិជាមួយជនរងគ្រោះទៀតផង។

ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ផ្កាយពីរ យិន ចំណាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ត្រូវបាន កម្លាំងនគរបាលរបស់លោកដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ តាមចាប់ខ្លួនបាននៅវេលាម៉ោង១០៖៤៥នាទី នៅរម្មណីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ពោលក្រោយធ្វើសកម្មភាព ក្នុងរយៈពេលជាង ១ម៉ោង និងដកហូតរថយន្ដរបស់ជនដៃដល់ ដែលបើកទៅធ្វើសកម្មភាពមួយគ្រឿងផងដែរ ម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនដៃដល់រូបនេះ ឈ្មោះ នួន មករា អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ដោយមិនចង់បញ្ជាក់លម្អិត លោកស្នងការ បានអះអាងត្រឹមថា ការសម្លាប់ជនរងគ្រោះដោយការបាញ់ប្រហារនេះ ផ្ដើមចេញពីរឿងគំនុំផ្ទាល់ខ្លួន។

ជនដៃដល់ នួន មករា ស្ថិតក្រោមការសួរនាំ របស់នគរបាលព្រហ្មទណ្ឌ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា លោក ផន ទុំ ដែលមានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ពេលកំពុងអង្គុយផឹកកាហ្វេ នៅក្នុងហាងមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង នៅវេលាម៉ោងប្រមាណ០៩៖២០នាទីព្រឹកមិញ បានរងនូវការបាញ់ប្រហារ មួយគ្រាប់ចំក្បាល ពីសំណាក់ជនដៃដល់បណ្ដាលឲ្យប្រកាច់ នៅកន្លែងកើតហេតុ ហើយសាក្សី ព្រមទាំងសមត្ថកិច្ចបានអះអាងដូចគ្នាថា ជនរងគ្រោះបានស្លាប់នៅពេលនោះ។

ប៉ុន្ដែមួយសន្ទុះក្រោយមក ក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានធ្វើដំណើរមកដល់ទីតាំងកើតហេតុនោះ នៅតែមិនអស់ចិត្ត និងបានដឹកជនរងគ្រោះឆ្ពោះទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម៕