(ភ្នំពេញ)៖ លោក សាអ៊ូដ អាល់ សូវ៉ែលីម (Saud F.M. AL Suwelim) អគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា បានសន្យាខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើកទឹកចិត្តដល់ ជនជាតិអារ៉ាប់ប៊ីសាអូឌីត ឱ្យមកវិនិយោគ និងទេសចរនៅកម្ពុជា។

ការអះអាងរបស់ អគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំកម្ពុជា បានធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ។

លោក សាអ៊ូដ អាល់ សូវ៉ែលីម បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាបន្ថែមថា ក្នុងបេសកកម្មការទូតរបស់លោក លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ ពិសេស លោកនឹងធ្វើជាស្ពានក្នុងការពាំនាំគម្រោងសំណើរបស់កម្ពុជា ទៅជូនរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត និងពីរាជរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត មកជូនរាជរដ្ឋាភិបាលកម្ពុជាវិញផងដែរ។

លោកឯកអគ្គរាជទូតមានសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ឬក្រសួងនានា នៃប្រទេសទាំងពីរ នឹងមានឱកាសជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យដូចបានលើកឡើងពីខាងលើនោះ។

ជាការឆ្លើយតប សម្តេច ហេង សំរិន មានសេចក្តីសោមនស្សរីករាយ ស្វាគមន៍ និងអបអរសាទរ ចំពោះការលើកឡើងរបស់ លោក សាអ៊ូដ អាល់ សូវ៉ែលីម។ សម្តេចមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បានបង្កើតនូវកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអង្គសហប្រជាជាតិ ហើយកិច្ចសហប្រតិបត្តិការទាំងនេះ ថែមទាំងបាន រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោក ផងដែរ។

សម្តេចបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អារ៉ាប់ប៊ីសាអូឌីត ដែលកន្លងមក បានជួយផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា បានទៅសិក្សានៅអារ៉ាប់ប៊ីសាអូឌីត និងស្នើឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត បន្តនិងបង្កើនការផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា ឱ្យកាន់តែច្រើនឡើង។

លោកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ពលរដ្ឋទូទៅ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរឥស្លាម និងសាសនាដទៃទៀត បានប្រតិបត្តិជំនឿសាសនារបស់ខ្លួន បានយ៉ាងពេញលេញ។ លោកបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ ការគោរពអញ្ជើញនេះ សម្តេចប្រធានរដ្ឋសភា បានទទួលយក ដោយបានបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយ៕