(ពោធិ៍សាត់)៖ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា Wildlife Alliance បានចុះបង្ក្រាបរថយន្ត High Lander មួយគ្រឿង ដឹកឈើអារជ្រុងប្រភេទសុក្រំ ចំនួន១៩កំណាត់ ស្នើនឹង ០,៥១៣ម៉ែត្រគូប។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១៨៖៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចនិយាមការលេខ ៦៨២៩៤-៦៦១៦៧ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ត្រីកងរាជអាវុធហត្ថចុះប្រតិបត្តិការខាងលើ បានឲ្យដឹងថា កម្លាំងដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការអាវុធហត្ថស្រុកភ្នំក្រវាញ បានចុះសហការបង្ក្រាប រថយន្ត High Lander មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល២-៣៥៦៣ ដោយរកឃើញដឹកឈើអារជ្រុង ប្រភេទសុក្រំ ចំនួន១៩ដុំ ស្មើនឹង០,៥១៣ម៉ែត្រគូប។ ដោយឡែក អ្នកបើកបរបានរត់បាត់ស្រមោល។

បច្ចុប្បន្នវត្ថុតាង រថយន្តនិងឈើ ត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ន នៅទីស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា Wildlife Alliance ស្ថិតក្នុងចំណុចរវៀង ស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្ត៕