(បាត់ដំបង)៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅ និងតម្លៃនៃការអប់រំ គឺជួយបណ្ដុះបណ្ដាលមនុស្សឲ្យមានសមត្ថភាព ចេះរស់នៅ ចេះជួយសង្គម មានលទ្ធភាពជួយចិញ្ចឹម គ្រួសារ និងចេះផ្ដល់នូវផលប្រយោជន៍ដល់ប្រទេសជាតិ។ សាលាគឺជាមូលដ្ឋាន និងមធ្យោបាយក្នុងការផ្ដល់ចំណេះឲ្យមនុស្សរីកចម្រើនប្រទេសជាតិរីកចម្រើន។ ការសម្រេចចិត្តចុះឈ្មោះចូលរៀនគឺ ស្រួលទេ ប៉ុន្តែការរៀនឱ្យចប់គឺលំបាកណាស់បើគ្មានការកំណត់គោលដៅច្បាស់លាស់ បើគ្មានការសម្រេចចិត្ត និងការខិតខំប្រឹងប្រែងព្យាយាម។

លោកបានបញ្ជាក់ថា «យើងកុំមើលងាយជាតិឯង ត្រូវមានមោទនភាពចំពោះជាតិសាសន៍ ចំពោះប្រព័ន្ធអប់រំរបស់យើង និងធនធានមនុស្សរបស់យើង»

លោក ម៉ាណែត បានបន្តទៀតថា ការអប់រំ គឺមិនសំខាន់តែត្រឹមតែនៅលើក្រដាសនោះទេ គឺសំខាន់នៅលើភាពជាក់ស្ដែងផថដែរ។ ការអប់រំនៅកម្ពុជាចេញដំណើរនៅក្រោយគេបន្តិច ដោយសារសង្គ្រាម ប៉ុន្តែមកដល់ម៉ោងនេះ ប្រទេសយើងបានដើរលឿនជាងប្រទេសមួយចំនួន។ នេះគឺជាមោទនភាពរបស់យើង ហើយកត្តាធំមួយទៀតនោះ គឺកត្តាសុខសន្តិភាព និងកត្តាមនុស្សដែលប្រព័ន្ធអប់រំរបស់យើងបានប្រមូលផ្ដុំ ធនធានមនុស្សដែលនៅសេសសល់ពីសង្គ្រាមមកជួយបណ្ដុះបណ្ដាល និងបានបញ្ជូនសិក្សានៅក្រៅប្រទេសមកដល់ ពេលបច្ចុប្បន្ន។ មកដល់ម៉ោងនេះទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងនៅវិស័យផ្សេងទៀត គឺខ្មែរយើងបានម្ចាស់ការដោយខ្លួនឯង។

លោកថា «អ្នកចេះពិតប្រាកដគេមិនដែលមើលងាយអ្នកផ្សេងទេ កាន់តែខ្ពស់កាន់តែដាក់ខ្លួន បើកចំហរចិត្ត គោរពអ្នកដទៃ។ នៅពេលដែលខ្លួនពុំមានគុណធម៌ សីលធម៌បែបនេះ កុំតាំងខ្លួនអ្នកឯងបណ្ឌិតប៉ុណ្ណាក៏គេមិនគោរពដែរ ព្រោះខ្វះគុណធម៌អ្នកចេះដឹងជាពិសេស ការឲ្យតម្លៃអ្នកដទៃជាពិសេសឲ្យតម្លៃជាតិខ្មែរតម្លៃកូនសិស្សខ្មែរឲ្យតម្លៃប្រជាពលរដ្ឋខ្មែរ។ យើងត្រូវមានមោទនភាពចំពោះជាតិឯងដែលក្នុងរយៈពេល ២០ឆ្នាំនេះ និងតទៅមុខទៀតយើងមានសក្តានុពលរបស់យើង។ អ្នករៀននៅខាងក្រៅ និងអ្នករៀននៅខាងក្នុងគឺមានតម្លៃដូចគ្នា មិនសំខាន់តែសញ្ញាប័ត្រនោះទេ សញ្ញាឃើញក៏ជាកត្តាសំខាន់ដែរ។ ដូច្នេះយើងត្រូវឱ្យតម្លៃនៃការសិក្សារៀនសូត្រ និងប្រព័ន្ធអប់រំគឺជារឿងសំខាន់ដែលជាវិស័យអតិភាពរបស់រាជរដ្ឋាភិបាល»

ធនធានមនុស្សគឺជាគោលការណ៍សំខាន់ក្នុងនោះ មាន២ គឺសុខភាព និងចំណេះដឹង គឺវិស័យអប់រំនិងសុខាភិបាល។ មនុស្សមានចំណេះដឹងតែមិនមានសុខភាពល្អក៏ធ្វើមិនកើត ហើយមនុស្សមានសុខភាព មិនមានចំណេះដឹងក៏យើងមិនអាចអភិវឌ្ឍបាន។ ដូច្នេះហើយថវិកាជាតិមានកំណើនខ្ពស់នៅលើវិស័យទាំងពីរនេះដើម្បីលើកតម្កើងជីវភាព និងបង្កើនគុណភាពអប់រំ ដើម្បីឲ្យនិស្សិតខ្មែរយើងកាន់តែខ្លាំង ពីព្រោះយើងរស់នៅក្នុងដំណាក់កាលប្រកួតប្រជែង បើកចំហរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ាណែត។

លោកបានបន្តទៀតថា អត្ថន័យនៃការទទួលសញ្ញាបត្រថ្ងៃនេះគឺ បានបញ្ចប់ដោយជោគជ័យនៅដំណាក់កាលជីវិតមូលដ្ឋាននៃចំណេះដឹង និងអប់រំផ្នត់គំនិត។ ជោគជ័យធំៗនៅក្នុងជីវិតគឺផ្គុំឡើងពីជោគជ័យតូចៗ ហើយជោគជ័យមិនមានតែមួយថ្ងៃនោះទេ គឺត្រូវមាននិរន្តរភាពសម្រាប់ជីវិត។ ភាពជោគជ័យត្រូវការភាពអំណត់តស៊ូព្យាយាមដើម្បីធានានីរត្តភាពនៃភាពជោគជ័យ។ ដូច្នេះការរៀនគឺមិនចប់ទេគឺរៀនមួយជីវិតគឺរៀននៅក្នុងសាលា រៀនពីអ្នកដទៃ និងរៀនពីខ្លួនឯងតាមរយៈការសិក្សាស្រាវជ្រាវដើម្បីពង្រីកភាពជោគជ័យរបស់យើង។ ដូច្នេះសង្ខេបមកវិញការទទួលបានសញ្ញាបត្រនៅថ្ងៃនេះគឺ៖

*ទី១៖ ផ្ដល់នូវភាពជឿជាក់លើខ្លួនឯងមានចំណេះដឹងធ្វើឲ្យយើងមានមូលដ្ឋានជឿជាក់លើសមត្ថភាពរបស់ខ្លួន
*ទី២៖ ជាមូលដ្ឋានដើម្បីកសាងសមត្ថភាព និងភាពជោគជ័យបន្ថែម
*ទី៣៖ បង្កប្រៀបសម្រាប់ការប្រកួតប្រជែងជាមួយអ្នកដទៃ៕