(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសយកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីរៀបចំពិធីទទួលទានអំបុកខ្មែរ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ។

ក្រោយការប្រកាសនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចយក ទីលានសួនសម្ដេចព្រះសង្ឃរាជ ជួន ណាត ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំពិធីទទួលទានអំបុកខ្មែរ។ នេះបើតាមអ្វីដែលលោកអភិបាលខេត្ត បានបញ្ជាក់នៅលើ Facebook ផ្លូវការនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ដ្រីរាជការទូទាំងខេត្ត ចូលរួមកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាការពារជាតិ សាសនា និងព្រះមហាក្សត្រ។

សូមជម្រាបថា យុទ្ធនាការនេះត្រូវបានប្រកាសក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។

ទន្ទឹមនឹងការប្រកាសបែបនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនទាំងអស់ ត្រូវរៀបចំ និងធានាឱ្យបានថា មានអំបុកហូបគ្រប់គ្នា នៅថ្ងៃទី៩ វិច្ឆិកា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហូបអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។

ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក៏ចំនឹងថ្ងៃកំណត់ដែល ទណ្ឌិត សម រង្ស៉ី ប្រកាសវិលចូលប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធនាការទទួលទាននំបញ្ចុកទូទាំងប្រទេសផងដែរ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដោយក្នុងនោះមាន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្តាគណបក្សនយោបាយ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើន បានចូលរួមទទួលទាននំបញ្ចុកនេះ៕