(រតនគិរី)៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី រៀបចំមហាសន្និបាតអាណត្តិទី៣ ដោយបានជ្រើសរើសលោក ទុន ពៅ ចៅសង្កាត់កាចាញ នៃក្រុងបានលុង ជាប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តរតនគិរី និងអនុប្រធានចំនួន០៦ រូបផ្សេងទៀត ដោយទទួលសម្លេងឆ្នោតគាំទ្រ១០៥ និងមិនគាំទ្រសន្លឹក ០២សន្លឹក។

មហាសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក មួង ប៉ាង អភិបាលស្តីទីខេត្តរតនគិរី និងលោក គៀង សេងគី អនុប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

អ្នកចូលរួមមហាសន្និបាតសរុបជាង ១៣៦នាក់ ក្នុងនោះ ប្រតិភូក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ចំនួន ១០៧ រូប មកពីក្រុង ស្រុកទាំង ៩ និងឃុំសង្កាត់ទាំង៥០។

សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តរតនគិរី ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដែលជាសមាជិកសមាគមគឺក្រុង១ ស្រុក៨ ឃុំ៤៦ និងសង្កាត់ចំនួន៤៕