(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីអ្នកលេង Facebook បង្ហោះរូបភាព និងសាររិះគន់ចំពោះ អ្នកគ្រប់គ្រងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ដោយចោទថា សត្វដែលស្គមស្គាំងនោះដោយសារខ្វះចំណី ប៉ុន្តែក្រសួងទាត់ចោលការរិះគន់នេះ។

ក្រសួងកសិកម្មបញ្ជាក់ថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាមជ្ឈមណ្ឌលស្តារនីតិសម្បទាសត្វព្រៃគ្រប់ប្រភេទ ដោយមានមន្ត្រីបសុពេទ្យមើលថែទាំ ជាប្រចាំក្រោមកិច្ចសហការជាមួយ អង្គការដៃគូ ដូចជា Wildlife Alliance, FFI និង Free the Bear។

ក្រសួងបញ្ជាក់ថា «សត្វព្រៃស្គមស្គាំងមួយចំនួនតូច នៅសួនសត្វភ្នំតាម៉ៅ មិនមែនដោយសារខ្វះចំណី តែជាសត្វមានជំងឺ ឬរងរបួសដោយសារការដាក់អន្ទាក់ ដោយខុសច្បាប់ ឬមានអ្នកចិញ្ចឹមមិនចង់ចិញ្ចឹម ឬមានបញ្ហាសុខភាពធ្លាក់ខ្លួនឈឺស្គមស្គាំង ក៏បានប្រគល់មកឲ្យរដ្ឋបាលព្រៃឈើ និងអង្គការដៃគូយកមកថែរក្សា និងព្យាបាល ដូនេះហើយទើបមានសត្វព្រៃខ្លះនៅទីនោះ ស្គមស្គាំងដែលមើលទៅហាក់ដូចជា ខ្វះចំណីអាហារជាដើម»

 ក្រសួងបានលើកឡើងទៀតថា នៅឆ្នាំ២០១៨កន្លងមកនេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានសង្គ្រោះសត្វព្រៃថ្មីចំនួន១,៨៩៣ក្បាល ព្យាបាលសត្វព្រៃចំនួន២៥៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន១,៥៨៦ក្បាល (បក្សីចំនួន ៥៤ប្រភេទ ថនិកសត្វចំនួន ៤១ប្រភេទ និងល្មូនចំនួន ១២ប្រភេទ) ព្រមទាំងបានស្ដារលទ្ធភាពជីវសាស្រ្តសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញចំនួន១៤៨៤ក្បាល។

ដោយឡែកក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានសង្គ្រោះសត្វព្រៃថ្មីចំនួន ៧៦៧ក្បាល ព្យាបាលសត្វព្រៃចំនួន ២០៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន ១៦២៥ក្បាល (បក្សីចំនួន ៥៣ប្រភេទ ថនិកសត្វចំនួន ៤១ប្រភេទ និងល្មូនចំនួន ១៣ប្រភេទ) ព្រមទាំងបានស្ដារលទ្ធភាពជីវសាស្រ្តសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញចំនួន ៦៧៤ក្បាល។

ជាមួយគ្នានេះ ក្រសួងកសិកម្ម បានប្តេជ្ញាចិត្ត ក្នុងថែរក្សា និងការពារសត្វព្រៃដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ឲ្យបានគង់វង្ស តាមរយៈការបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តនានា និងថែរក្សាក៏ដូចជាព្យាបាលសត្វព្រៃគ្រប់ប្រភេទ សម្រាប់ជាកេរមរតក ដល់កូនចៅយើងជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕