(រតនគិរី)៖ គណៈកម្មការជំនាញខេត្តរតនគិរី និងគណៈកម្មការជំនាញខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបប្រជុំគ្នាស្តីពី សហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅក្នុងសម័យសង្គ្រាមនៅកម្ពុជាសម្រាប់រដូវប្រាំង (២០១៩-២០២០)។

កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាពលោក គិត ទ្រី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ ជំនាញខេត្តរតនគិរី និងលោកស្រី ហួញ នឺធូហា អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តយ៉ាឡាយ។

កិច្ចប្រជុំខាងលើនេះភាគីទាំង២ បានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្តន៍សម្រាប់រដូវប្រាំង (២០១៩-២០២០) ដោយពេលវេលា នៃការរុករកគិតចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយមានក្រុមរុករកចំនួនមួយក្រុមមានចំនួន ២៣នាក់ហើយ ទីតាំងឈរជើង របស់ក្រុម K៥២ នៅចំណុចវរៈសេនាតូចលេខ១ អនុតំបន់សឹករងខេត្ត ក្នុងឃុំតាអងស្រុកកូនមុំ ហើយភូមិសាស្រ្ត នៃការរុករកអដ្ឋិធាតុ គឺនៅស្រុកអូរយ៉ាដាវ បរកែវ លំផាត់ កូនមុំ និងក្រុងបានលុង។

គួរបញ្ចាក់ថា យោងតាមខ្លឹមសារ នៃកិច្ចព្រមព្រៀមនិងកិច្ចប្រជុំលើកទី១៥ រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហូជីមីញ កាលពីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៧ ស្តីពី ការបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងជំនួយការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដែលក្នុងរយៈពេល ១៩ឆ្នាំ ( ២០០០- ២០១៩) គណៈកម្មការជំនាញខេត្តទាំង២ (រតនគិរី-យ៉ាឡាយ) បានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តយ៉ាឡាយ នៅក្នុងភូមិសាស្រ្តខេត្តរតនគិរី បានចំនួន ៥២០អដ្ឋិធាតុមកហើយ៕