(កណ្ដាល)៖ នគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកប្រតិបត្តិការឃាត់ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ជាមេក្លោងជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅនៅចំណុច ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយដកហូតបានថ្នាំញៀនមួយចំនួន។

នគរបាលបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលឲ្យដឹងថា ជនសង្ស័យមានគ្នាចំនួន០៤នាក់ ទី១៖ ឈ្មោះ វិបុល ច័ន្ទរិទ្ធ ហៅឈិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី២៖ ឈ្មោះ ហេង វាសនា ហៅស្នា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកូនជាងផ្សារដែក ជនជាតិខ្មែរ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៖ ឈ្មោះ ជ្រុយ ភេទប្រុស អាយុ ប្រហែល២៣ឆ្នាំ មុខរបរលក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រត់គេចខ្លួន និងទី៤៖ ឈ្មោះ ពែក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរត់គេចខ្លួន។

មុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលថាឈ្មោះ ហេង វាសនា ឈ្មោះ វិបុល ច័ន្ទរិទ្ធ ឈ្មោះ ជ្រុយ និងឈ្មោះ ពែក កំពុងលក់ថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ជ្រុយ ភ្លាមនោះកម្លាំងជំនាញស្រុកបានចុះទៅបង្រ្កាប ពេលទៅដល់ឈ្មោះ ជ្រុយ និងឈ្មោះ ពែក បានជិះរត់គេចខ្លួនបាត់ សមត្ថកិច្ចនគរបាលក៏ឃាត់ឈ្មោះ ហេង វាសនា និងឈ្មោះ វិបុល ច័ន្ទរិទ្ធ និងឆែកឆេរ រកឃើញថ្នាំញៀន ០៨កញ្ចប់តូច នៅក្នុងហោប៉ាវខោរបស់ឈ្មោះ វិបុល ច័ន្ទរិទ្ធ។

បន្ទាប់ពីឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងពីរនាក់ ព្រមទាំងវត្ថុតាងថ្នាំញៀន មកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តតាមនីតិវិធីច្បាប់៕