(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យសេនានុព័ន្ធយោធាថៃចាស់ និងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់អំពីសភាពការណ៍ខ្លះៗមួយចំនួនជុំវិញជនក្បត់ជាតិ សម រង្សី ដែលកំពុងដើរដល់បន្ទាត់ក្រហមមានលក្ខណៈផ្នែកច្បាប់ និងផ្នែកនយោបាយ។ សម រង្សី ត្រូវតុលាការចោទប្រកាន់បទល្មើស «ឧបឃាត» ជាបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយកំណត់ថា ក្បត់ជាតិ គៀងគរកម្លាំងបង្កើតកម្លាំងឧទ្ទាមខុសច្បាប់ដើម្បីធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថមើលងាយព្រះមហាក្សត្រ ទាមទារឱ្យព្រះមហាក្សត្រដាក់រាជ្យ ចង់ប្ដូររបបដឹកនាំដែលខុសពីរដ្ឋធម្មនុញ្ញបានកំណត់។ ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានបញ្ជូនដីកាចាប់ខ្លួនទណ្ឌិត សម រង្សី ដល់បណ្ដាប្រទេសអាស៊ានគ្រប់អស់ហើយ។

អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងទ័ព ក៏ដូចជារដ្ឋាភិបាលព្រះរាជាណាចក្រថៃ ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អទាំងក្នុងការផ្លាស់ប្ដូរគណៈប្រតិភូ និងព័ត៌មានផ្សេងៗ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ជាងនេះទៅទៀត នាពេលកន្លងមក ភាគីមិត្តថៃមានការយកចិត្តទុកដាក់ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទផងដែរ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំណូមពរឱ្យរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិថៃ បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទបន្ថែមទៀត៕