(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ទៅគណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេង មកពីសហរដ្ឋអាមេរិក (ACYPL) ថា ពីកម្ពុជាមួយដែលចេញពីសង្គមខ្ទេចខ្ទាំ មកមានការរៀបចំការបោះឆ្នោតដោយខ្លួនឯង ដូច្នេះសូមទុកឱ្យកម្ពុជា រស់នៅក្នុងសុខសន្តិភាព ដោយឈរលើគោលការណ៍នីតិរដ្ឋ ហើយបើអនុវត្តយ៉ាងដូច្នេះ នោះសន្តិភាពនឹងកើតមានពាសពេញពិភពលោកតែម្តង។

ការបញ្ជាក់បែបនេះរបស់លោក ស៊ិក ប៊ុនហុក បានធ្វើឡើងនាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោកបានជួបសវនាការ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេង មកពីសហរដ្ឋអាមេរិក (ACYPL) នៅទីស្តីការ គ.ជ.ប។ ប្រធាន គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទុកឱ្យយើងខ្ញុំរស់នៅក្នុងសុខសន្តិភាព ដោយឈរលើគោលការណ៍នីតិរដ្ឋ ហើយបើអនុវត្តយ៉ាងដូច្នេះបាន នោះសន្តិភាពនឹងកើតមានពាសពេញពិភពលោក»

នៅក្នុងឱកាសនោះដែរលោក ស៊ិក ប៊ុនហុក បានរំលឹករឿង មួយជាដំបូង ដែលគ្មានមនុស្សជាតិណាបានស្គាល់ក្រៅពីកម្ពុជា ដល់អ្នកដឹកនាំនយោបាយវ័យក្មេងដែល មានអាយុក្រោម ៤០ឆ្នាំ។

ចំពោះឯករាជ្យភាពរបស់ស្ថាប័ន គ.ជ.ប, ប្រធានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងការដឹកនាំរបស់ខ្ញុំ ខ្ញុំត្រូវអនុវត្តឱ្យខាង តែបានការគោរពច្បាប់ រដ្ឋធម្មនុញ្ញ គោលការណ៍ដែលខ្ញុំបានជម្រាបជូនខាងលើ ក្នុងនោះមានឯករាជ្យភាព និងតម្លាភាព ហើយស្តង់ដារ ៣សំខាន់ ក្នុងការរៀបចំការបោះឆ្នោត ដែលទាំងអស់គ្នាអាចទទួលយកបាន គឺត្រូវអនុវត្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភាគីពាក់ព័ន្ធទាំងអស់ ការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងតម្លាភាពការងារ។ ណុចទាំង ៣នេះ ជាស្តង់ដារសកល ដែលគ្មាននរណាម្នាក់បដិសេធទេ ហើយបើខ្ញុំអនុវត្តមិនបាន ខ្ញុំសុខចិត្តដើរចេញពីកន្លែងនេះ»

លោក ស៊ិក ប៊ុនហុក បានបន្តថា បន្ទាប់ពីជ័យជំនះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម ប៉ុល ពត បានធ្វើសន្និបាតពីថ្ងៃទី ២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ដើម្បីដាក់ចេញនូវគោលនយោបាយដឹកនាំចំនួន ៨ចំណុចជាបន្តបន្ទាប់ដូចខាងក្រោម៖

១៖ ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ លុបបំបាត់ផ្សារ លុបបំបាត់រូបិយប័ណ្ណរបស់របបលន់ នល់ (មិនមានការចាយលុយ)
២៖ ផ្សឹកព្រះសង្ឃដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយឱ្យទៅធ្វើស្រែ
៣៖ ប្រហារជីវិតមេដឹកនាំរបប លន់ នល់ ទាំងអស់
៤៖ បង្កើតសហករណ៍កម្រិតខ្ពស់នានាទូទាំងប្រទេសដោយធ្វើការហូបបាយរួម
៥៖ បណ្តេញជនជាតិវៀតណាមឱ្យអស់ពីស្រុកខ្មែរ
៦៖ បញ្ជូនទ័ពទៅតាមព្រំប្រទល់នានា ពិសេសព្រំដែន វៀតណាម ដើម្បីបង្កអរិយភាពជា មួយប្រទេសជិតខាង
៧៖ លុបបំបាត់សាលារៀន និងមន្ទីរពេទ្យទូទាំងប្រទេស
៨៖ ដកឬសមែកធាងគិញរបស់បរទេសទាំងអស់ (ឱ្យតែសង្ស័យថាជាពួក CIA ឬ KGB ត្រូវសម្លាប់ចោលទាំងអស់)

គោលនយោបាយទាំង ៨ចំណុចនេះ របបខ្មែរក្រហមបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យមនុស្សរាប់លាននាក់ ត្រូវបានសម្លាប់ បងមិនស្គាល់ប្អូន កូនមិនស្គាល់ឪពុក រហូតដល់សម្លាប់សាច់ញាតិក្នុងគ្រសារខ្លួនឯង ហើយប្រជាជនខ្មែរមួយចំនួនលែងចង់រស់ជាមនុស្សតទៅទៀត ដោយបញ្ចប់ជីវិតតាមរយៈការធ្វើអត្តឃាត។ តើអស់លោកជាអ្នកដឹកនាំនយោបាយបាយវ័យក្មេងធ្លាប់បាន ឮបានឃើញសង្គមបែបនេះទេ ដែលប្រជាជនខ្មែរត្រូវបានហាមឃាត់ «មានមាត់មិនឱ្យនិយាយ មានត្រចៀកមិនឱ្យស្តាប់ មានភ្នែកមិនឱ្យមើល»។

បន្ថែមពីនេះ លោក ស៊ិក ប៊ុនហុក បានបន្ថែមទៀតថា ក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ វិទ្យាល័យនៅសល់ចំនួន ១ ហើយអ្នកច្បាប់ដែលនៅរស់រានមានជីវិត នៅសល់តែ ៦នាក់បូករួមនឹងរូបរូបផង ដែលលោកជាតំណាងរាស្រ្តតាំងពីអាយុ ២៧ឆ្នាំ និងជាប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា។ អញ្ចឹងហើយបានជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ហើយ អ៊ុន តាក់ បានរៀបចំការបោះឆ្នោតលើកទី១ នៅកម្ពុជា នៅឆ្នាំ១៩៩៣ ប៉ុន្តែនៅទីបំផុត អ្វីៗត្រូវបានបញ្ចប់ដោយខ្មែរខ្លួនឯង។

ពាក់ព័ន្ធនឹង គ.ជ.ប ប្រធាន គ.ជ.ប រូបនេះ បានជម្រាបជូនថា គ.ជ.ប ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ត្រូវបានរៀបចំចំនួន ១៦លើករួចមកហើយ។ តើត្រូវរៀបចំការបោះឆ្នោតបែបណាដែលគ្រប់ភាគីគ្មានការតវ៉ា ហើយទទួលយកលទ្ធផលគ្រប់ៗគ្នា? ចំពោះចំណុចនេះ នៅឆ្នាំ២០១៥ នៅពេលដែលខ្ញុំត្រូវបានសភាផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឱ្យធ្វើជាប្រធាន គ.ជ.ប ក្នុងអាណត្តិដឹកនាំរបស់ខ្ញុំ ខ្ញុំបានបំពេញការងារដោយធ្វើការស្រាវជ្រាវជាជំហានដំបូង បទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងពិភពលោក រួចហើយយើងខ្ញុំបានដាក់ចេញនូវគោលការណ៍ដែលជាត្រីវិស័យចំនួន ៧ចំណុចរួមមាន៖

*១៖ ឯករាជ្យភាព ព្រោះថា គ.ជ.ប ជាស្ថាប័នឯករាជ្យ
*២៖ អព្យាក្រឹតភាព ឬភាពមិនលម្អៀង
*៣៖ សុចរិតភាព
*៤៖ តម្លាភាព
*៥៖ ប្រសិទ្ធភាព
*៦៖ វិជ្ជាជីវៈភាព
*៧៖ ភាពជាអ្នកបម្រើសេវា។