(ភ្នំពេញ)៖ លោក យិន ពិសិដ្ឋ ជានិស្សិតខ្មែរម្នាក់ទៀត ដែលបញ្ចប់ការសិក្សានៅ បណ្ឌិតសភាយោធាជប៉ុន បានសម្តែងនូវការមិនពេញចិត្ត និងសោកស្ដាយយ៉ាងខ្លាំងចំពោះសម្តីប្រមាថរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ លើសញ្ញាបត្រ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលា West Point។

លោក ពិសិដ្ឋ បានបញ្ជាក់លើ Facebook របស់ខ្លួនថា៖ «តាំងនាមខ្ញុំដែលជាអតីតនិស្សិតនៅបណ្ឌិតសភាយោធានៃប្រទេសជប៉ុន (National Defense Academy of Japan) ខ្ញុំបាទ មានការមិនពេញចិត្ត និងសោកស្ដាយយ៉ាងខ្លាំងចំពោះពាក្យសម្តី និងសកម្មភាពរិះគន់ និងមាក់ងាយ របស់លោក សម រង្ស៊ី បានបះពារមកលើតម្លៃ និងកិត្តិយសរបស់ពួកយើងដែលជានិស្សិតបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រដែលមានការទទួលស្គាល់ជាសកល និងពីមជ្ឈដ្ឋានអ្នកដឹកនាំកំពូលៗរបស់ពិភពលោក»

លោកបានបន្តថា មុននឹងសម្រេចទទួលបានសញ្ញាបត្រដ៏មានកិត្តិយសមួយ ដោយឈរលើស្មារតីសមភាព និងមិនរើសអើង និស្សិតទាំងអស់ (ទាំងបរទេស ទាំងនិស្សិតខ្មែរ ) ចាំបាច់តម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ ការអំណត់អត់ធ្មត់តស៊ូ និងការលះបង់ជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យលោកបានយល់ច្បាស់អំពីតម្លៃ និងកិត្តិយសនៃការតស៊ូរបស់ ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ដោយទម្រាំទទួលបានភាពជោគជ័យក្នុងការសិក្សានៅ សាលាបណ្ឌិសភាយោធាសហរដ្ឋអាមេរិក West Point។ នេះជាអ្វីដែលយើងទាំងអស់គ្នាគួរតែមានមោទនភាព ជាជាងការទិតៀន បន្ទច់បង្អាក។

លោកថ្លែងបន្តថា៖ «ហើយជាងនេះទៅទៀត តើលោកសម រង្សី ដែលស្គាលអ្វីដែលហៅថា ជាសាលាបណ្ឌិតសភាយោធាដែលរឺទេ? ហើយដែលឆ្លងកាត់ទេ? ការដែលបានទទួលសញ្ញាបត្រ យោធានេះ អ្នកដែលធ្លាប់ឆ្លងកាត់ទើបដឹងច្បាស់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាន»។

ក្នុងនាមលោក ជាអ្នកដឹកនាំ និងជាបញ្ញវ័ន្តជំនាន់ក្រោយ លោកមិនអាចទទួលយកបានឡើយ នូវសម្តីប្រមាថបំភ្លៃការពិតរបស់ លោក សម រង្សី ដែលតែងតែបន្ទាបបន្ថោកយុវជនកំពុងលើកតម្កើងប្រទេសកម្ពុជា ហើយបានទទួលបានការគោរព និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

សូមបញ្ជាក់ថា នាថ្មីៗនេះ លោក សម រង្ស៉ី បាននិយាយរិះគន់ដល់ សញ្ញាបត្រពីសាលា West Point របស់ លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត។

ក្រោយមានការរិះគន់នេះ លោក ហ៊ុន ម៉ាណែត បានបបួល លោក សម រង្ស៉ី ភ្នាល់គ្នា ដោយដាក់លក្ខខណ្ឌ២ចំណុចគឺ៖ បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាង និស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

ប៉ុន្តែទោះជាយ៉ាង នេះក្តី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ពុំហ៊ានភ្នាល់ តាមការបបួលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ៕