(រតនគិរី)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចេញសេចក្តីប្រកាសថា អ្នកដែលគាំទ្រ ឬអ្នកដែលចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ពីបទ «រួមគំនិតក្បត់» លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោស។

បើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តរតនគិរី បានសម្រេចធ្វើការចោទប្រកាន់ ឈ្មោះ ងិន សុផាត ភេទប្រុស អាយុ ៥៦ឆ្នាំ និង ឈ្មោះ រឿន ប៊ុនធន ភេទប្រុស អាយុ៥០ឆ្នាំ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអំពើរបស់ជនទាំងពីរ បានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រ ទណ្ឌិត សម រង្ស៉ី ជាប្រធានស្តីទី និងផែនការវិលត្រលប់មកវិញរបស់ទណ្ឌិត សម រង្ស៉ី ដែលមានគម្រោងបង្កើតឱ្យមានភាពចលាចល បង្កភាពអសន្តិសុខដល់សង្គមជាតិ។

អ្នកនាំពាក្យ បានបញ្ជាក់បន្តថា៖ បន្ទាប់មកទៀតថ្មីៗនេះ ជនសង្ស័យឈ្មោះ ងិន សុផាត និងឈ្មោះ ធឿន ប៊ុនធន បានចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដោយមានខ្លឹមសារវាយប្រហារ រាជរដ្ឋាភិបាលស្របច្បាប់ បំផុសបំផុល ញុះញង់ឃោសនា ប្រមូលផ្តុំប្រជាពលរដ្ឋ ដើម្បីទទួល ទណ្ឌិត សម រង្ស៉ី និងញុះញង់កងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

សេចក្តីប្រកាសរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់យ៉ាងច្បាស់ថា៖ «អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» តាមប្បញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមប្បញ្ញត្តិពិសេសនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ»

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងរស់នៅក្រៅប្រទេស បានប្រកាសត្រឡប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ជាមួយនឹងផែនការរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ ទណ្ឌិតសម រង្ស៉ី ក៏បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួន ព្រមទាំងប្រមាថដល់អង្គព្រះមហាក្សត្រផងដែរ។

គិតរហូតមកទល់ពេលនេះ ទណ្ឌិត សម រង្ស៉ី កំពុងញុះញីដោយសំណុំរឿងជាច្រើន នៅក្នុងដៃតុលាការ។ លោក សម រង្ស៉ី មានសំណុំរឿងនៅតុលាការចំនួន១៤ករណី ក្នុងនោះមាន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី៖