(ព្រះសីហនុ)៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៣នាក់ បានស្លាប់ភ្លាមៗទៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៣គ្រឿងបុកគ្នា លើផ្លូវជាតិលេខ៤ ត្រង់ចំណុច ចំណោទអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោង១១៖៣០នាទី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីនេះ បង្កដោយរថយន្ត១គ្រឿងម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខ កំពត 2B-2616 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស៧នាក់ (ស្រី២នាក់) មានទិសដៅពីខេត្តកំពត ឆ្ពោះមកខេត្តព្រះសីហនុ។

លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោទ បានវ៉ាជែងរថយន្តធុនធំ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-0144 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មិនផុតរួចកៀរ ហើយបុករថយន្ត ធុនធំ១គ្រឿងទៀត ដែលមានទិសដៅផ្ទុយ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1142 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បន្ទាប់មកបណ្ដាលឲ្យរថយន្តធុនធំ ទាំង២គ្រឿងបុកគ្នាតែម្ដង។

ក្នុងនោះ បានបណ្ដាលឲ្យស្លាប់មនុស្ស ចំនួន៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ ១៖ អ្នកបើកបររថយន្តធុនធំ ពាក់ផ្លាកលេខភ្នំពេញ 3D-0144 កៀបជាប់ស្លាប់ក្នុងរថយន្ត, និង២៖ អ្នករួមដំណើរលើរថយន្តទេសចរណ៍ ចំនួន២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ។

កម្លាំងជំនាញកំពុងស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះ និងក្រុមគ្រួសារ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ បាននាំខ្លួនមកសាកសួរមក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ រីឯវត្ថុតាងរថយន្ត៣គ្រឿង កម្លាំងជំនាញកំពុងចាត់ចែង ស្ទូចយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕