(កែប)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ គេឃើញមានការចែកចាយវីដេអូដ៏មានប្រជាប្រិយភាពមួយ ដែលបានបង្ហាញពីទង្វើរបស់ម្ចាស់អាហារដ្ឋានមួយនៅឆ្នេរកែប នៃខេត្តកែប ដោយសារម្ចាស់ហាងរូបនោះ បានទារលុយពីភ្ញៀវ ដែលអង្គុយក្នុងតូបរបស់ខ្លួនរហូតដល់ទៅ ៥០ដុល្លារ ប៉ុន្តែដើមឡើយកំណត់តម្លៃតែ ៥០,០០០រៀលប៉ុណ្ណោះ ជាហេតុបង្កការរិះគន់យ៉ាងខ្លាំងតាមបណ្ដាញ Facebook។

បើតាមវីដេអូបង្ហោះលើ Facebook ដែលមានគណនីឈ្មោះ «បង គជ់» បានឱ្យដឹងថា ហេតុការណ៍ជជែកតវ៉ាគ្នារវាងម្ចាស់ហាង និងភ្ញៀវទេសចរខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ពោលគឺក្នុងថ្ងៃភ្ជុំធំតែម្ដង។

បើតាមការសរសេរលើគណនី Facebook ខាងលើ បានបញ្ជាក់ថា ដំបូងឡើយម្ចាស់ហាងប្រាប់ទៅអតិថិជនថា បើភ្ញៀវអង្គុយក្នុងតូបរបស់គេ គេគិតតម្លៃតូបតែ ៥០,០០០រៀលប៉ុណ្ណោះ ទាល់តែកម្មង់ម្ហូបប្រាំមុខឡើងទៅ ទើបមិនយកថ្លៃអង្គុយក្នុងតូបនោះ ដោយតម្លៃម្ហូបមួយមុខថ្លៃ ៦០,០០០រៀល ប៉ុន្តែទោះបីជាភ្ញៀវកម្មង់ម្ហូបក្រោមប្រាំមុខក្ដី ក៏តម្លៃតូបនៅតែគិត ៥០,០០០រៀលដដែល។

ពេលនោះ ក៏មានភ្ញៀវទេសចរជាហូរហែយល់ព្រមទទួលបង់តម្លៃសេវា ក្នុងតម្លៃដែលបានពន្យល់នោះហើយដែរ ប៉ុន្តែបែរជាកើតមានរឿងប្រែក្រឡាស់ខុសពីការពន្យល់នៅខាងដើមនោះទៅវិញ ដោយម្ចាស់ហាងបែរជាទារតម្លៃពីភ្ញៀវដែលអង្គុយក្នុងតូបនោះដល់ទៅ ៥០ដុល្លារ ជាហេតុផ្ទុះការតវ៉ាគ្នាបែកផ្សែងទៅមកៗ ផ្អើលអស់ភ្ញៀវទេសចរដែលទៅទស្សនាឆ្នេរកែប។

គណនី Facebook ខាងលើបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ នៅពេលភ្ញៀវខាងលើដែលបានតវ៉ាគ្នានោះដើរចេញទៅ ម្ចាស់ហាងក៏បានយកអង្ករមកក្រវាសចេញទៀត ដែលទង្វើនេះពិតជាមិនគប្បីទាល់តែសោះ សម្រាប់កេរ្តិ៍ឈ្មោះគោលដៅទេសចរណ៍មួយ។

តាមរយៈវីដេអូនេះដែរ ក៏បានបង្កការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជនជាច្រើន និងមានការចែកចាយបន្តជាហូរហែ ដែលអ្នកខ្លះបានបង្ហាញហួសចិត្តចំពោះតម្លៃដ៏ថ្លៃនេះ អ្នកខ្លះក៏បានទាំងរិះគន់ដល់គោលដៅទេសចរណ៍ទាំងមូលទៀតផង រីឯអ្នកខ្លះវិញក៏រិះគន់ដល់អាជ្ញាធរដែនដី មន្ទីរទេសចរណ៍ខេត្តកែបជាដើម ដែលមិនព្រមចុះអន្តរាគមន៍ចំពោះបញ្ហានេះ ខណៈមានអ្នកបញ្ជាក់ថា បញ្ហានេះបានកើតឡើងកន្លងមកជាច្រើនហើយដែរ។

កាលពីកំលុងពេលពិធីបុណ្យកាន់បិណ្ឌ កន្លងទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានស្នើទៅកាន់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយហើយដែរ គឺស្នើសុំមិនឱ្យមានការដំឡើងថ្លៃសេវាកម្ម ម្ហូបអាហារថ្លៃហួសហេតុពេក ហើយលោករដ្ឋមន្ត្រីក៏បានណែនាំទៅកាន់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត អំពីកិច្ចការនានារួចហើយដែរ ប៉ុន្តែមន្ទីរទេសចរណ៍ខេត្តកែប ហាក់បណ្ដោយឱ្យបញ្ហានេះកើតឡើងទាល់តែបាន៕