(កណ្ដាល)៖ នៅទីបំផុតនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ សាឡង់ដឹកខ្សាច់ ដែលបុកគឿងជាប់សសរស្ពានព្រែកតាមាក់ កាលពីពេលកន្លងទៅ ត្រូវបានក្រុមការងារបច្ចេកទេស អូសចេញពីសសរស្ពានបានដោយជោគជ័យហើយ ក្រោយស្ថានភាពទឹកស្រកប្រមាណជាង២ម៉ែត្រ។

ក្រុមការងារ Fresh News ដែលកំពុងផ្សាយផ្ទាល់ពីកន្លែងប្រតិបត្តិការបានឲ្យដឹងថា បន្ទាប់ពីបូមទឹកចេញក្នុងសាឡង់តាំងពីព្រឹក រហូតមកដល់ម៉ោងនេះ ទើបក្រុមការងារបច្ចេកទេស សម្រេចអូសទាញចេញបានតែម្ដង។ ដោយឡែកសសរស្ពាននោះ មិនមានប៉ះពាល់ពាល់អ្វីនោះទេ ខណៈសាឡង់ដែលបុក ក៏មានកំប៉ិតនៅផ្នែកតួខ្លួនផងដែរ។

សូមជំរាបថា គ្រោះឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ បានបើកទៅជាប់គឿងនឹងសរសរស្ពានព្រែកតាមាក់ កើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី៧ ខែកញ្ញាកន្លងទៅ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ជាការកត់សម្គាល់ ក្រោយកើតហេតុភ្លាមៗក្រុមការងារបច្ចេកទេស ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រតិបត្តិការអូសទាញយ៉ាងសស្រាក់សស្រាំ ប៉ុន្ដែមិនទទួលបានជោគជ័យនោះទេ ដោយសារតែទឹកឡើង ហើយមានល្បឿងហូរខ្លាំងផងដែរ។

ប្រតិបត្តិការអូសនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ រហូតក្រុមការងារសម្រេចផ្អាកជាបណ្ដោះអាសន្ន ដោយរង់ចាំទឹកស្រក ទើបនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ អូសយកសាឡង់ដឹកខ្សាច់នោះចេញបានដោយជោគជ័យតែម្ដង៕