(កណ្តាល)៖​ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានអញ្ចើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ដោយធម្មជាតិភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតនៅផ្ទះសម្បែងនៅក្នុងឃុំព្រែកដាច់ និងឃុំពាមរាំងស្រុកលើកដែក ខេត្តកណ្តាល។

ការចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិនេះធ្វើឡើងនៅព្រឹកថ្ងៃ ចន្ទ ២កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៩។

គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៣៩គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំព្រែកដាច់ និងឃុំពាមរាំង ។ គ្រោះមហន្តរាយនេះបណ្តាលឱ្យខូតខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៣ ខ្នង ក្នុងនោះ ឃុំព្រែកដាច់ រលំផ្ទះទាំងស្រុង ២ខ្នង និង ប៉ើងដំបូល ៧ខ្នង ឯឃុំពាមរាំង រងការខូចខាតរលំផ្ទះទាំងស្រុង ១០ខ្នងផ្ទះ និងរបើកដំបូល ១៤ខ្នងផ្ទះ ខូចខាត សម្ភារៈ ម៉ូតូ៦គ្រឿង កង់៦ និងរបួសមនុស្ស១០នាក់។

ក្នុងឱកាសចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ លោកស្រីកិត្តិសង្ហហបណ្ឌិត​ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាបានមានប្រសាសន៍ថា​ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់ថ្នាក់នាំ។ ជាពិសេសលោកជំទាវក៏បានពាំនាំនៅការសាកសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល
សម្តេចតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់បងប្អូនទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏ថ្នាក់ដឹកនាំនៅរួមសុខរួមទុកជាមួយបងប្អូនគ្រប់ពេលវេលា។

ជាមួយគ្នានេះផងដែរ លោកស្រី​ និងក្រុមការងារ ក៏បាននាំអំណោយចែកជូនបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន៖ ប្រជាពលរដ្ឋរលំផ្ទះចំនួន១២ខ្នង ក្នុង១ខ្នងផ្ទះទទួលបានឃីតមួយ និងថវិកាមួយចំនួន។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណដល់លោកស្រី ឃួន សុដារី និងក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល ព្រមទាំងក្រុមការងារក្នុងស្រុកទាំងអស់ដែលបានដឹងសុខទុក្ខពលរដ្ឋមានគ្រោះអាសន្ន និងចុះមកជួយបានទាន់ពេលវេលារហូតមកផងដែរ៕