(សៀមរាប)៖ កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងអធិការស្រុកពួក នៅវេលារំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានស្ទាក់ចាប់បានក្រុមចោរលួចរថយន្តចំនួន២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចរថយន្តរបស់នារីម្នាក់ ម៉ាកតូយូតា ព្រូស នៅចំណុចមាត់ស្ទឹងខាងកើតផ្សារអាតសិនីធ័រ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈក្នុងពេលប្រតិបត្តិការដេញបង្ក្រាបនោះដែរ ក្រុមចោរបានបើករថយន្តទៅបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងសៀមរាប បានឱ្យដឹងថា ដំបូងឡើយមានក្រុមចោរ២នាក់ បានធ្វើសកម្មភាពលួចយករថយន្ត (បើកចេញ) ម៉ាកព្រូស ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-8195 របស់ជនរងគ្រោះឈ្មោះ មាន ម៉ីម៉ី ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយនៅវេលាម៉ោង ១៩៖00នាទី ជនរងគ្រោះខាងលើបានជិះរថយន្តមកចតទុកនៅទីតាំងខាងលើ (ដោយកូនសោរភ្លេចនៅក្នុងរថយន្ត) រួចឆ្លងស្ទឹងទៅលេងផាប់ស្រ្ទីត រហូតដល់ម៉ោង ១៖០០នាទីរំលងអធ្រាត ជនរងគ្រោះបានត្រលប់មកវិញដើម្បីធ្វើដំណើរទៅផ្ទះសំណាក់ ពេលមកដល់កន្លែងចតរថយន្ត ស្រាប់តែពុំឃើញរថយន្តឡើយ បន្ទាប់មកជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរកភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាម បានសហការជាមួយកម្លាំងអធិការស្រុកពួក ធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក និងភិនភាគដូចខាងលើ និងជនសង្ស័យចំនួន ២នាក់មានឈ្មោះទី១៖ ឈ្មោះ ហួត រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ស្រុកកំណើត ភូមិផ្សារក្រោម ឃុំផ្សារក្រោម ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទី២៖ ឈ្មោះ លុន ឡៃហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ខណៈពេលដែលជនសង្ស័យបានបើករត់គេច បានបុកមនុស្សស្លាប់ នៅបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ចំណែកសាកសពពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ជនសង្ស័យទាំង ២នាក់ខាងលើ បានឃាត់ទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត៕