(បាត់ដំបង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង បានក្រើនរំលឹក និងផ្ដាំផ្ញើទៅកាន់ ប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោកការឃោសនារបស់ក្រុមក្បត់ជាតិ ដែលចង់ផ្តួលរាជរដ្ឋាភិបាលស្រប់ច្បាប់តាមគ្រប់វិធី និងគ្រប់ទីកន្លែង។

លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋដើរតាមការឃោសនារបស់ក្រុមទាំងអស់នោះ អាចនឹងប្រឈមជាមួយទោសទណ្ឌ ដោយសារក្រុមរបស់ទណ្ឌិត សម រង្ស៉ី បានប្រព្រឹត្តខុសនឹងច្បាប់ម្ដងហើយម្ដងទៀត រហូតហ៊ានប្រមាថព្រះចេស្ដារព្រះមហាក្សត្រ។

សារក្រើនរំលឹករបស់លោក ហែម ថេង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសបញ្ចូល និងបំពាក់ឯកសណ្ឋានជូនប្រជាការពារថ្មី ចំនួន២៨នាក់ និងដឹកនាំប្រជុំត្រួតពិនិត្យការងារថ្នាក់ជាតិឃុំភ្នំសំពៅ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែ ភ្នំសំពៅ ឃុំភ្នំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

បន្ថែមពីនេះ លោក ហែម ថេង ក៏បានលើកឡើងទៀតថា ដើម្បីពង្រឹងសន្តិសុខនៅមូលដ្ឋាន និងឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនាមក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំភ្នំសំពៅ លោក និងក្រុមការងារតែងបានចុះមូលដ្ឋានជាប្រចាំជាក់ស្តែងថ្ងៃនេះ បានបន្តបញ្ចូលកម្លាំងប្រជាការពារថ្មីចំនួន២៨នាក់ ដើម្បីបង្រ្គប់ចំនួន១០០នាក់ ព្រោះប្រជាការពារជាកម្លាំងដ៏រឹងមាំក្នុងមូលដ្ឋាន និងជាជំនួយការសហការជាមួយ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំ ដើម្បីរួមគ្នារក្សាសន្តិសុខ។

ជាមួយគ្នានេះ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ បានបញ្ជាក់ទៀតថា រាល់សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិការសាធារណៈកន្លងទៅ នឹងត្រូវយកមកធ្វើការដោះស្រាយតាមសំណូមពររបស់ពួកគាត់ឲ្យបានត្រឹមត្រូវ ព្រោះក្រុមការងារទាំងអស់ មិនដែលទុកកង្វល់ និងសំណូមពររបស់ពលរដ្ឋចោលនោះឡើយ៕