(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ក្នុងទីចាត់ការ/អង្គភាពទាំង៦ នៃសាលា ខេត្តសៀមរាប និងកម្មករ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ។

ពិធីនេះ មានការចូលរួមពីសំណាក់ លោក-លោកស្រី ជាសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នៅសាលាខេត្តសៀមរាប ប្រមាណជា ៣០០នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករ ចំណុះសាលាខេត្ត ដែលក្នុងអស់រយៈពេល១ឆ្នាំមកនេះ បានបំពេញការងារ ដោយបានទទួលនូវលទ្ធផល ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាព។ ហើយថ្នាក់ដឹកនាំខេត្ត និងក្រុមប្រឹក្សាខេត្ត បានមើលឃើញនូវរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ។

លោកបន្ដថា ពេលនេះជារដូវបុណ្យភ្ជំបិណ្ឌ ក៏ដូចជាកន្លងទៅនាបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ តែងតែមានការជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ របស់សាលាខេត្តសៀមរាប ព្រមទាំងបានជួយឧបត្ថម្ភជាថវិកាខ្លះៗ ដើមី្បឲ្យបងប្អូន បានចូលរួមធ្វើបុណ្យទាន ដូចជាការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើមី្បឧទិ្ទសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ នៅតាមវត្តអារ៉ាមនានា។

ជាមួយគ្នានោះ លោក ទៀ សីហា ក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការ នៅសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ព្រមទាំងផ្ដល់សេវាបម្រើ ជូនប្រជាពលរដ្ឋ និងរាល់អ្នកពាក់ព័ន្ធ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕