(កំពង់ធំ)៖ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ស្ទឹងសែងចំនួន៣៥៣គ្រួសារ។ អំណោយរបស់កាកបាទក្រហមកម្ពុជា ត្រូវបានផ្ដល់ជូនតាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

អំណោយរបស់កាកបាទក្រហមកម្ពុជា ត្រូវបានផ្ដល់ដល់ពលរដ្ឋរស់ នៅក្នុងស្រុកប្រាសាទសំបូរ ដោយមានការចូលរួមពីលោកស្រី ខៀវ ស៊ីណា ជាចាន់តូ, លោក សុខ លូ អភិបាកខេត្ត និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ។

លោកស្រី ខៀវ ស៊ីណា បានអំពាវនាវដល់ប្រជាជន ឲ្យបង្កើនការប្រុងប្រយ័ត្នការពារកុមារតូចៗ និងថែរក្សាសុខភាព ដើម្បីជៀសវាងពីជំងឺផ្សេងៗ ពិសេសការទទួលទានអាហារ និងបរិភោគទឹកត្រូវមានអនាម័យ។

លោកស្រីបន្ដថា អ្នកទាំងអស់គ្នាមិនអាចដឹងមុន ឬប៉ាន់ស្មានពីស្ថានភាព នៃគ្រោះធម្មជាតិទុកជាមុនបានទេ តែអ្វីដែលសំខាន់ចំពោះមុខពេលនេះ គឺត្រូវរួមគ្នាជួយប្រជាជនពេលដែលកំពុងជួបការលំបាកខ្វះខាតដូចពេលនេះ។

លោក សុខ លូ ក៏បានប្រាប់មន្ទីរកសិកម្មខេត្ត ឲ្យត្រៀមស្រូវពូជឲ្យបានគ្រប់ ដើម្បីផ្ដល់ជូនប្រជាជនសម្រាប់ដាំដុះឡើងវិញក្រោយពេលទឹកស្រក់។ លោកបញ្ជាក់ទៀតថា ចំពោះមុខពេលនេះត្រូវជួយប្រជាជនជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

លោកបន្ដថា ពួកយើងត្រូវត្រៀមជួយដល់ពួកគាត់ នៅពេលទឹកស្រក់ទៅវិញដូចជា៖ ស្រូវពូជ, ពូជដំណាំផ្សេងៗ ដើម្បីឲ្យប្រជាជនអាចធ្វើការបង្ករបង្កើនផលស្រូវ និងដំណាំដែលខូចខាតនោះឡើងវិញ។ ក្នុងនោះមន្ទីរសុខាភិបាលខេត្តត្រូវត្រៀមថ្នាំ សម្រាប់ជួយព្យាបាលជំងឺជូនប្រជាជន ពេលដែលមានជំងឺដង្កាត់ផ្សេងបណ្ដាលមកពី គ្រោះទឹកជំនន់ខណៈដែលទឹកនៅតែបន្តឡើងនៅឡើយ។

នៅក្នុងឱកាសនោះលោកស្រី ខៀវ ស៊ីណា និងលោក សុខ លូ បានបញ្ជាក់នៅចំពោះមុខ ប្រជាពលរដ្ឋថា គ្រប់កាលៈទេសៈពិសេស ពេលប្រជាជនជួបការលំបាក សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរជួយដោះស្រាយ និងស្ថិតនៅជាប់ជានិច្ចជាមួយសុខទុក្ខប្រជាជន ទោះជាលោកមិនបានអញ្ជើញចុះផ្ទាល់ ក៏ចាត់ឲ្យតំណាង ឬក្រុមការងារចុះជួយ ដូចនៅពេលនេះជាដើម។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរឲ្យដឹងថា ទឹកជំនន់ក្នុងស្រុកប្រាសាទសំបូរ កើតឡើងចំឃុំចំនួន៥ និងប្រជាជន៦៣៤គ្រួសាររងផលប៉ះពាល់ ពីទឹកជំនន់ស្ទឹងសែន ក្នុងចំណោលស្រូវស្រែដែលសម្រេចបានចំនួន១៦,៥៦១ហិកតា មាន១,៥៥០ហិកតាខូចខាត។

លោកបន្ដថា ចំណែកសត្វពាហនៈជាច្រើន បានជម្លៀសទៅកាន់ទួលសុវត្ថិភាព៥កន្លែង ដែលបានរៀបចំពីសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនោះលោក សុខ លូ និងលោកស្រី ខៀវ ស៊ីណា បានផ្ដល់អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា ផ្ដល់តាមរយៈកាកបាទក្រហមខេត្ត ជូនប្រជាជនរងផលប៉ះពាល់ចំនួន៣៥៣គ្រួសារ ដែលមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី និងឃីមួយកញ្ចប់។

ជាមួយនេះលោកស្រីបានចែកជូន ថ្នាំព្យាបាលជម្ងឺផ្ដាសាយ ជាអំណោយផ្ទាល់ ដល់ប្រជាជន៣៥៣គ្រួសារ និងបានប្រគេនបច្ច័យ និងទ័យវត្ថុដល់វត្តចាន់ បុលី និងវត្តកំពង់ជ្វាជាការចាប់កុសល ក្នុងឱកាសនៃការកាន់បិណ្ឌនេះផងដែរ៕