(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកការដ្ឋានស្ថាបនា ផ្លូវបេតុងអាមេ១ខ្សែ និងស្ថាបនាប្រព័ន្ធលូ២ខ្សែបន្ថែមទៀត ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះរាល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋនៅសង្កាត់ឫស្សីកែវ ស្របពេលគ្នាលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌ អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគឧបត្ថម្ភ ជួយសម្រាលក្នុងជីវភាពរស់នៅជូនប្រជាពលរដ្ឋងាយរងគ្រោះ នៅសង្កាត់ទួលសង្កែទី២។

សកម្មភាពបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ១ខ្សែ និងស្ថាបនាប្រព័ន្ធលូ២ខ្សែបន្ថែមទៀត របស់អភិបាលខណ្ឌឫស្សីកែវ និងការងារមនុស្សធម៌របស់ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌខាងលើនេះ ធ្វើឡើងដំណាលគ្នា ដោយមានការរួមដំណើរពីចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធ ជាមួយលោក-លោកស្រី ជាសហការីមួយចំនួនទៀត នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

លោក ជា ពិសី ថ្លែងថា ការដ្ឋានដែលត្រូវបានស្ថាបនាផ្លូវបេតុ និងដាក់ប្រព័ន្ធលូ ដើម្បីងាយស្រួលធ្វើដំណើរ និងរំដោះរាល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀង ជាមួយការប្រើប្រាស់ផ្សេងៗ ជូនប្រជាពលរដ្ឋរួមមាន៖

*ស្ថាបនាផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង១៣៧ម៉ែត្រ ទទឹង០៦ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ
*ស្ថាបនាលូចំនួន០២ខ្សែ ប្រវែង ១,០២៣ម៉ែត្រ និងមុខកាត់០,៦០ម៉ែត្រ
*ស្ថាបនាលូ០១ខ្សែ ប្រវែង៤០៨ម៉ែត្រ និងមុខកាត់០,៨០ម៉ែត្រ
*ស្ថាបនាលូ០១ខ្សែ ប្រវែង៨០០ម៉ែត្រ មុខកាត់០១ម៉ែត្រ។ ចំណាយអស់ថវិកាសរុប១៦៥,១៤៨,៦៨០រៀល ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍ សង្កាត់ឫស្សីកែវ ឆ្នាំ២០១៩។

ដោយឡែក លោកស្រី អាន ផល្លា បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ច ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនឲ្យស្លាប់ និងអត់បាយ និងមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច៕