(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងភាពជាដៃគូ រវាងប្រទេសទាំងពីរ និងសិក្សាស្វែងយល់បន្ថែម អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះបញ្ជាក់ថា សមាសភាពគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួង ដែលនឹងរួមដំណើរជាមួយសម្តេចក្រឡាហោម ស ខេង រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងរបស់កម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ជាសមាជិកសភាសហព័ន្ធរបស់អាល្លឺម៉ង់ និងថ្នាក់ដឹកនាំ នៃបណ្ដាក្រសួង ស្ថាប័នសំខាន់ៗរួមមាន ក្រសួងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច នៃសភាសហព័ន្ធអាល្លឺម៉ង់។

កិច្ចពិភាក្សានេះ ផ្ដោតទៅលើការបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងជួបជាមួយថ្នាក់ដឹកនាំ នៃរដ្ឋសហព័ន្ធ និងថ្នាក់ដឹកនាំ រដ្ឋបាលមូលដ្ឋានមួយចំនួន ដើម្បីស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង វិស័យសាធារណៈចាំបាច់នានាដូចជា អប់រំ សុខាភិបាល ព្រៃឈើ និងអភិបាលកិច្ច៕