(តាកែវ)៖ បើទោះបីជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តតាកែវ បានធ្វើលិខិតតាំងពីខែសីហា ឆ្នាំ២០១៩កន្លងមក ជូនអភិបាលខេត្តតាកែវ ឲ្យជួយទប់ស្កាត់សំណង់ ស្ថានីយ៍ប្រេងឥន្ទៈខុសច្បាប់ ដែលកំពុងតែសាងសង់នៅមុខផ្សារតាកែវ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សំណង់មួយនេះ នៅបន្តសាងសង់ដដែល ហើយក៏មិនមានការចុះមកទប់ស្កាត់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះដែរ។

យោងតាមលិខិតរបស់លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ដែលបានផ្ញើឲ្យលោកអភិបាលខេត្តតាកែវ អ៊ូច ភា បានរៀបរាប់ថា លោក ចៀក ច្រូវ បានធ្វើការសាងសង់ស្ថានីយ៍ប្រេងឥន្ទៈ ដែលមានទីតាំងនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ (ទល់មុខផ្សារតាកែវ) ដោយសាងសង់មិនមានលិខិតអនុញ្ញាត និងសាងសង់ខ្ពស់ ខុសពីសំណង់ចាស់។ នេះបើយោងតាមការចុះពិនិត្យផ្ទាល់ ពីមន្រ្តីជំនាញរបស់មន្ទីរសូរិយោដីខេត្តតាកែវ។

លិខិតរបស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តតាកែវ ក៏បានស្នើសុំឲ្យលោកអភិបាលខេត្ត ចាត់វិធានការណ៍ទប់ស្កាត់សំណង់ខាងលើផងដែរ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងថា សំណង់ប្រេងឥន្ទៈរបស់លោក ចៀក ច្រូវ នេះមានបញ្ហាបន្តិចបន្តួចពីមុន ដោយសារការគូសប្លង់ដោយវិស្វករខ្មែរម្នាក់។ ឥលូវនេះគេបានគូសប្លង់សារជាថ្មីឡើងវិញ ដោយក្រុមហ៊ុនប្រេងតូតាល់របស់បារាំង ហើយក៏បានទៅសុំច្បាប់អនុញ្ញាត ពីមន្ទីរជំនាញរួចហើយដែរ ក៏ប៉ុន្តែមិនដឹងថាមន្ទីរអនុញ្ញាតឲ្យសាងសង់ ឬយ៉ាងណាទេ។

លោក នួន សុធា បានថ្លែងថា កន្លងមកមន្ទីរបានធ្លាប់បានចេញលិខិតស្នើសុំផ្អាកជាបណ្តោះអាសន្ន រួចមកហើយ ព្រោះការសាងសង់ជាក់ស្តែង និងគម្រោងប្លង់ដែលស្នើ សុំជួសជុលកែលម្អ មានលក្ខណៈខុសគ្នា តម្រូវឲ្យម្ចាស់សំណង់ រៀបចំប្លង់ស្ថាបត្យកម្មជាថ្មី ឲ្យត្រូវតាមការសាងសង់ជាក់ស្តែង និងគោរពតាមនគរូបនីយបញ្ញត្តិ និងសោភ័ណ្ឌភាពផងដែរ។ មន្ទីរក៏បានធ្វើលិខិតជម្រាបជូន ទៅអភិបាលខេត្តតាកែវ ឲ្យជួយទប់ស្កាត់សំណង់ គ្មានច្បាប់អនុញ្ញាតិនេះផងដែរ។

បើតាមប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ខេត្តតាកែវ រហូតមកដល់ពេលនេះ មន្ទីរជំនាញមិនទាន់ចេញលិខិតអនុញ្ញាត ឲ្យសាងសង់នៅឡើយទេ ព្រោះម្ចាស់សំណង់ប្រេងឥន្ទៈខាងលើ មិនទាន់បានមកសុំច្បាប់ និងបង្ហាញប្លង់កែលម្អថ្មីឡើងវិញនោះទេ។ ចំពោះការចុះទប់ស្កាត់ការសាងសង់ ជាតួនាទីភារកិច្ច របស់អាជ្ញាធរ។

សូមបញ្ជាក់ថា បើទោះបីជាមន្ទីរសូរិយោដីខេត្ត បានចេញលិខិតឲ្យផ្អាកសកម្មសាងសង់យ៉ាងណាក៏ដោយ ក៏សំណង់របស់លោក ចៀក ច្រូវ នៅតែបន្តសាងសង់គ្មានខ្លាចញញើតនោះទេ ហើយក៏គ្មានអាជ្ញាធណា ចុះមកទប់ស្កាត់ដែរ ព្រោះអាចត្រូវដងត្រូវផ្លែគ្នា តាំងពីលើដល់ក្រោមអស់ហើយ៕