(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក នួន សាមិន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតស្នងការនគរបាលខេត្តកំពង់ចាម ជំនាន់ទី៤ ដែលប្រព្រឹត្តទៅនៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ទុកមរណភាពរបស់ លោក នួន សាមិន គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិតដើម្បីជាតិ មាតុភូមិ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ លោក នួន សាមិន ឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បាននាំយកថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធាន និងថវិកាគ្រឿងឧបភោគបរិភោគរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសព លោក នួន សាមិន ផងដែរ។

ក្នុងនោះរួមមាន ថវិកាបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន ចំនួន៤,០០០,០០០រៀល និងថវិការបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចំនួន៥,៥៥០,០០០រៀល ព្រមទាំងមី០៥កេស, ទឹកផ្លែឈើ៥កេស និងអង្ករ១បេ ជូនក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕